ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងធ្វើការកំណែទម្រង់ទាំងគោលនយោបាយ ទិសដៅ និងការអនុវត្តរបស់ខ្លួន ពោលគឺជំរុញការធ្វើទំនើបកម្មកសិកម្ម និងលើកម្ពស់អភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍”។ លោកវេង សាខុន រដ្ឋមន្រ្តីកសិកម្ម បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះថា “ក្នុងឱកាសដែលរូបខ្ញុំឆ្លើយតបទៅនឹងសំណូមពរ របស់ឯកឧត្តម សុខ ពុទ្ធិវុធ អតីតនាយកប្រតិបត្តិសហព័ន្ធស្រូវអង្ករកម្ពុជា ។ ប្រាកដជា បានចូលរួមជួយដោះស្រាយនូវបញ្ហាទាំងឡាយជាច្រើន ជំនួសខ្ញុំ ដែលក្រុមការងារវិស័យឯកជន បានចោទសួរមកខ្ញុំកន្លងមក ដើម្បីធ្វើការកែលម្អ ដែលរូបខ្ញុំត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច ធ្វើជាសហប្រធាន ផ្នែកស្រូវអង្ករ និងផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម កន្លងមក ។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានសរសេរក្នុងផេកផ្លូវការថា ក្នុងមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោករដ្ឋមន្រ្តី បានថ្លែងថា ទន្ទឹមនឹងនេះ និយាយដោយស្មោះត្រង់៖ ខ្ញុំពិតមានចិត្តសប្បាយរីករាយ ដោយការទទួលបាននូវមតិយោបល់ជាច្រើន កាលពីយប់មិញនេះ គឺបានបង្ហាញឲ្យខ្ញុំបានឃើញ ពីឆន្ទៈរបស់បុគ្គលម្នាក់ៗ និងក្រសួងពាក់ព័ន្ធ លើការចូលរួមធ្វើកំណែទម្រង់ និងកែលម្អ ឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅការប្រកួតប្រជែងទីផ្សារ ។ ប្រាកដជាបានចូលរួមជួយដោះស្រាយនូវបញ្ហាទាំងឡាយជាច្រើន ជំនួសខ្ញុំ ដែលក្រុមការងារវិស័យឯកជន បានចោទសួរមកខ្ញុំកន្លងមក ដើម្បីធ្វើការកែលម្អ ដែលរូបខ្ញុំត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ធ្វើជាសហប្រធាន ផ្នែកស្រូវអង្ករ និងផ្នែកកសិកម្ម កសិ -ឧស្សាហកម្ម កន្លងមក ។ ហើយក៏បានឲ្យខ្ញុំបានដឹងពីជំហរស្ថាប័នពាក់ព័ន្ធ ថាតើបាននិងកំពុងឆ្លើយតាមអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកម្រិតណា ដែលសម្តេចបានលើកនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងមក ដែលលោកបានបញ្ជាក់ចំពោះមុខ អ្នកវិនិយោគិន ធុរជនដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ថា៖ ថ្ងៃនេះ សម្តេច សុំលើកឡើងដោយស្មោះត្រង់និងក្នុងន័យស្ថាបនាពាក់ព័ន្ធ នឹងបញ្ហាប្រឈមនានា ក្នុងនាមជាដៃគូសន្ទនាដែលមិនអាចខ្វះបានដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងដំណើរឆ្ពោះទៅកាន់សមាហរណកម្ម នៅក្នុងតំបន់ឲ្យកាន់តែទូលំទូលាយថែមទៀត ហើយដែលត្រូវដាក់ចេញនូវគោលនយោបាយ និងជំរុញឲ្យមានការអនុវត្តប្រកបដោយឆន្ទៈមោះមុត ឥតរាថយ នូវកញ្ចប់វិធានការកែទម្រង់នៅក្រោមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ស្របតាមបាវចនា២ គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាមួយគ្នានឹង អភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់ សំដៅកែលម្អភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ក្នុងគោលដៅធានានូវចីរភាព នៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងមានភាពធន់រឹងមាំសម្រាប់រយៈពេលវែងខាងមុខ និងបង្កើនបរិមាណការងារប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា ការជជែកដោយបើកចំហរ រវាងការងាររបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាមួយនឹងអ្នកធ្វើអាជីវកម្មនៅកម្ពុជា ទៅលើបញ្ហាពាក់ព័ន្ធការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ច ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវការធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ ជាពិសេស ដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
សូមបញ្ជាក់ថា នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាកិត្តិយស ក្នុងមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
មានមតិស្វាគមន៍ និងសំណេះសំណាលជូនអង្គពិធីទាំងមូល លោករដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលជាច្រើនដែលសហព័ន្ធស្រូវអង្ករកម្ពុជា សម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់លោក សុខ ពុទ្ធិវុធ អតីតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការអបអរសាទរជូនចំពោះលោកឧកញ៉ា សុង សារ៉ន ប្រធានប្រតិបត្តិសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី និងលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជាទាំងមូល។
ពាក់ព័ន្ធនឹងវិស័យកសិកម្ម លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការវិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ពីប្រទេសដែលអសន្តិសុខស្បៀង មកជាប្រទេសដែលមានអតិរេកស្បៀង និងធ្វើការនាំចេញផលិតផលកសិកម្មទៅទីផ្សារពិភពលោក។ សមិទ្ធផលដ៏ធំធេងដែលសម្រេចបាន ក៏នៅតែមាននូវបញ្ហាប្រឈមមួយចំនួនទៀត តែទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដើម្បីបន្តការអភិវឌ្ឍវិស័យនេះ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ធ្វើយ៉ាងណាជួយប្រជាកសិករយើងដើរឲ្យទាន់នៃបរិបទសេដ្ឋកិច្ចជាតិ ជាពិសេសសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។
ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងខិតខំប្រឹងប្រែងធ្វើការកំណែទម្រង់ទាំងគោលនយោបាយ ទិសដៅ និងការអនុវត្តរបស់ខ្លួន ពោលគឺជំរុញការធ្វើទំនើបកម្មកសិកម្ម និងលើកម្ពស់អភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” ដោយផ្តោតជាសំខាន់លើយន្តការយន្តុពាណិជ្ជកម្មកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ការផលិតពូជសុទ្ធ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនការប្រកួតប្រជែងដល់ប្រជាកសិករ៕ ដោយ៖កូឡាប