ប្រទេសកូរ៉េខាងត្បូងបានវាយបកទៅកាន់ប្រទេសជប៉ុនវិញ ដោយខ្លួនប្រកាសថា នឹងធ្វើការដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មគួរទុកចិត្តបាន។
វិធានការរបស់កូរ៉េខាងត្បូងនេះ គឺដើម្បីឆ្លើយតបទៅកាន់ជប៉ុន ដែលបានសម្រេចចិត្តកាលពីដើមខែនេះ ក្នុងការធ្វើដូចគ្នាទៅនឹងកូរ៉េខាងត្បូង។
រដ្ឋមន្រ្តីឧស្សាហ៍កម្មកូរ៉េខាងត្បូង លោក Sung Yun-mo ថ្លែងថា ជប៉ុននឹងត្រូវដាក់បញ្ជូលក្នុងបញ្ជីរឹតបណ្តឹងពាណិជ្ជកម្មដែលទើបបង្កើតថ្មី។
ភាពតានតឹងរវាងប្រទេសទាំងពីរកើតឡើងកាលពីឆ្នាំមុន ក្រោយពេលតុលាការកូរ៉េខាងត្បូងបានធ្វើសេចក្តីសម្រេចដោយបញ្ជាឲ្យក្រុមហ៊ុនជប៉ុនផ្តល់សំណង ទៅឲ្យប្រជាជនកូរ៉េខាងត្បូងដែលត្រូវបង្ខំឲ្យធ្វើការងារក្នុងអំឡុងសង្រ្គាមលោកលើកទី ២។
សេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង បានធ្វើឲ្យមានការថ្កោលទោសពីសំណាក់ជប៉ុន ដោយជប៉ុនថ្លែងថា ជម្លោះនោះត្រូវបានដោះស្រាយរួចមកហើយក្នុងឆ្នាំ ១៩៦៥ នៅពេលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរវិលត្រឡប់មកដូចដើមវិញ។
សូមបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរមានប្រវត្តិសាស្រ្តស្មុគស្មាញនឹងគ្នា ដោយជប៉ុនធ្លាប់ធ្វើអាណានិគមន៍លើកូរ៉េខាងត្បូងចាប់ពីឆ្នាំ ១៩១០ រហូតដល់ឆ្នាំ ១៩៤៥ នៅពេលដែលជប៉ុនចាញ់សង្រ្គាមលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC