សហរដ្ឋអាមេរិចបានធ្វើការពន្យារពេលយកពន្ធលើផលិតផលមួយចំនួនដែលនាំចូលពីប្រទេសចិនរហូតដល់ ថ្ងៃទី ១៥ ខែធ្នូ ដែលការពន្យារពេលនេះគឺដោយសារតែបញ្ហាសុខភាព សុវត្ថិភាព សន្តិសុខជាតិ និងកក្តាផ្សេងៗទៀត។
ផលិតផលនាំចូលពីចិនដែលមិនទាន់រងការយកពន្ធពីអាមេរិចនោះរួមមាន ទូរស័ព្ទ កុំព្យូទ័រ វីដេអូហ្គេម ប្រដាប់ប្រដាក្មេងលេង និងផលិតផលស្បែកជើង និងសម្លៀកបំពាក់។
ចំណែកផលិតផលមួយចំនួនទៀត នឹងត្រូវប្រឈមនឹងការយកពន្ធចំនួន ១០ភាគរយដដែល ដោយនឹងផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី ១ខែកញ្ញា។
ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការពន្យារពេលយកពន្ធលើផលិតផលមួយចំនួននាំចូលពីចិន គឺជាផ្នែកមួយដើម្បីធ្វើឲ្យកុំឲ្យប៉ះពាល់ដល់ហាងនៅអាមេរិច ក្នុងពេលបុណ្យណូអ៊ែលខាងមុខនេះ។
អ្នកតំណាងពាណិជ្ជកម្មអាមេរិចបានធ្វើការប្រកាសពីការពន្យារពេលយកពន្ធនោះ តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពេលក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា អនុនាយករដ្ឋមន្រ្តីចិនឈ្មោះ Liu He បានជជែកគ្នាតាមទូរស័ព្ទជាមួយនឹងមន្រ្តីពាណិជ្ជកម្មអាមេរិច។
អ្នកវិនិយោគទុនផ្នែកបច្ចេកវិទ្យាបានស្វាគមន៍ចំពោះការព្យួរនោះ។
សូមរំលឹកថា ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់ប្រកាស យកថ្ងៃទី ១ ខែសីហា ដើម្បីយកពន្ធ ១០ភាគរយ លើទំនិញនាំចូលពីចិនដែលមានតម្លៃជាទឹកប្រាក់ប្រមាន ៣០០ពាន់លានដុល្លារ ដោយចោទខាងចិនថា មិនបានធ្វើតាមការសន្យារបស់ខ្លួន ក្នុងការទិញផលិតផលកសិកម្មឲ្យច្រើនពីកសិករអាមេរិច។ ប៉ុន្តែការប្រកាសពីការយកពន្ធនោះត្រូវបានដូរមកនៅដើមខែកញ្ញាវិញ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC