ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល ខណៈដែលរថយន្តសឺរ៉ែនសមត្ថកិច្ចបើកប្រដេញរថយន្តកាមរីឆ្លាមរបស់លោកគ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរ
ហើយមិនព្រមឈប់នៅតែបើករត់គេចពីកន្លែងកើតហេតុ រួចចុះពីរថយន្តរត់គេចខ្លួនយកព្រះអាយុ សង្ស័យតែស្រវឹងហើយបានជាអ៊ីចឹង ព្រោះនៅក្នុងរថយន្តសុទ្ធតែសម្បកស្រាបៀរ។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ នៅលើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា៖ រថយន្ដដែលបើករត់គេចនោះ ម៉ាក TOYOTA CAMARY ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២G ៩៣២៥ បើកបរដោយ ឈ្មោះ អ៊ិន សុខា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ពោធិ៍ថ្មី ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងម៉ាក Wave ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង ១F ០៤៧៥ បើកបរដោយឈ្មោះ ឈៀក ណារ៉ាក់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព ប៉ះគ្នាជាមួយរថយន្ត ប៉ុន្តែរថយន្តមិនបានឈប់ដោះស្រាយនោះទេ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដខាងលើ បានបើករត់គេចពីកន្លែងកើតហេតុ ទៅទិសខាងកើត រហូតដល់ខាងជើងខ្លោងទ្វាវត្តតានូ ប្រហែល ៦០០ ម៉ែត្រ ទើបអ្នកបើកបរឈប់រថយន្ដទុកចោលរួចរត់គេចខ្លួនបាត់។
បើតាមលោក អ៊ិន សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមទូរស័ព្ទឲ្យដឹងថា ៖រូបលោកមិនមែនជាបើកនោះទេ អ្នកបើកបរជាប្អូនថ្លៃរបស់ដែលនៅព្រៃវែង។
លោកបានបន្តឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុលោកបានមកមើលអ្នកជំងឺនៅមន្ទីរពេទ្យខេត្ត រួចឆ្លៀតដាក់ស្រាបៀរអស់៣យួរ មានគ្នា៧នាក់ ហើយរូបលោកដាក់បានតែ២កំប៉ុងប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុក្នុងករណីគ្រោះថ្នាក់នេះ មធ្យោបាយ មានរថយន្តនិងម៉ូតូ ត្រូវយកទៅរក្សាទុកនៅអធិការក្រុងស្វាយរៀង រីឯអ្នករបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
នគរបាលបានបញ្ជាក់ពីមូលហេតុថា អ្នកបើកបរម៉ូតូមិនគោរពសិទ្ធិអាទិភាព ៕ ដោយ៖វ៉ៃកូ