Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុ​ជាមាន​មជ្ឈមណ្ឌល​វាយតម្លៃ​ចុងភៅ​មួយ​គួរឱ្យ​ជឿជាក់ ស្របតាម​យន្តការ​ជាតិ និង​អាស៊ាន​

​ភ្នំពេញ ​៖ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ «​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​ថា​លាស (Thalias) ផ្នែក​ផលិតកម្ម​ម្ហូបអាហារ​» ដែលជា​សញ្ញា​បង្ហាញថា ពី​ពេលនេះ​តទៅ កម្ពុ​ជាមាន​មជ្ឈមណ្ឌល​វាយតម្លៃ​ចុងភៅ​មួយ​ដែល​គួរឱ្យ​ជឿជាក់ ស្របតាម​យន្តការ​ជាតិ និង​អាស៊ាន​។​

​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ គ្រូ​បង្គោល​ជាតិ អ្នកវាយតម្លៃ​បង្គោល​ជាតិ អ្នកជំនាញ​ម្ហូបអាហារ​ប្រមាណ ២០០​រូប​។​

​លោក​ថោង ខុន បានឱ្យដឹងថា គំនិត​ផ្តួចផ្តើម​ក្នុងការ​គាំទ្រ​បង្កើត​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​នេះ ស្របតាម​ផែនការអភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៧-២០២៥ ដោយមាន​ការចូលរួម​គាំទ្រ​ដោយ​ក្រុមហ៊ុន​ថា​លាស​គ្រុប (Thalias Group) អង្គការ​អាល្លឺម៉ង់ Assist ដែល​អាច​ផ្តល់ឱកាស​ដល់​អ្នកជំនាញ​ផ្នែក​ផលិតកម្ម​ម្ហូបអាហារ (​ចុងភៅ​) ជាពិសេស​ចុងភៅ​ដែលមាន​បទពិសោធន៍​ល្អៗ តែ​ពុំទាន់​មានវិញ្ញាបនបត្រ​ ទទួលស្គាល់​ផ្លូវការ ឲ្យ​ទទួលបាន​ការវាយតម្លៃ​សមត្ថភាព និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​កម្រិត​វិញ្ញាបនបត្រ ស្របតាម​យន្តការ​ជាតិ និង​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា មជ្ឍមណ្ឌល​វាយតម្លៃ​នេះ​យក​ទីតាំង​អនុវត្ត​នៅ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស ដែលជា​ភោ​ជនី​ដ្ឋា​ន​លំដាប់​ខ្ពស់ និង​មាន​មេ​ចុងភៅ​ពូកែៗ អាច​ធ្វើជា​អ្នកវាយតម្លៃ និង​គ្រូ​បណ្ដុះបណ្ដាល​បាន​។ ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​វិស័យ​ទេសចរណ៍ តាមរយៈ​អភិក្រម​នៃ​ការបណ្តុះបណ្តាល និង​វាយតម្លៃ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ គឺជា​គោលដៅ​យុទ្ធសាស្ត្រ​អាទិភាព​មួយ​របស់​ក្រសួងទេសចរណ៍ ក្នុងការ​លើកកម្ពស់​គុណ​ភាព​សេវាកម្ម​ទេសចរណ៍​នៅ​កម្ពុជា នឹង​បាន​ឆ្លើយតប​ផងដែរ​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​ផងដែរ​។​

​លោក​ថោង ខុន បានលើកឡើង​ទៀតថា ការទទួលស្គាល់​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​នេះ គឺ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស ឆ្នាំ​២០១៧-២០២៥ ដែលមាន​ចក្ខុវិស័យ​ជំរុញ​ការបណ្តុះបណ្តាល និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍ ក្នុងនោះ​ត្រឹម​ឆ្នាំ​២០២០ (៥០%) ឆ្នាំ​២០២៥ (១០០%) និង​នៅ​ឆ្នាំ​២០៣០ (​សម្រេច SDG4) «​ការសិក្សា​ពេញ​មួយជីវិត Life Long Learning» និង SDG8 «​ការងារ​សមស្រប​» ស្របតាម​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ និង​អាស៊ាន និង​ស្របតាម​យន្តការ​វាយតម្លៃ​ទទួលស្គាល់​គុណវុឌ្ឍិ​អ្នកជំនាញ​ទេសចរណ៍​ជាតិ និង​អាស៊ាន ដែលជា​ចលករ​ជំរុញ​សមត្ថភាព​យុវជន​កម្ពុជា លើ​ចំណេះដឹង​ជំនាញ និង​ឥរិយាបទ​ខ្ពស់​ស្របតាម​ស្តង់ដា​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ បុគ្គលិក​បម្រើ​ការងារ ជាពិសេស​ជំនាញ​ចុងភៅ​ឲ្យ​ផ្សព្វផ្សាយ និង​ចូលរួម​វាយតម្លៃ​សមត្ថភាព​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ឱ្យ​កាន់តែ​ទូលំទូលាយ​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស ក្រុម​ចុងភៅ​នានា ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ទេសចរណ៍​ម្ហូបអាហារ (The First International Conference on Cambodia Gastronomy and Food Tourism) ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​