មនុស្សចំនួន ១៣នាក់នៅតែបន្តបាត់ខ្លួននៅឡើយនៅថ្ងៃសុក្រនេះ ក្រោយពេលមានគ្រោះរអិលបាក់ដីនៅភាគនិរតីប្រទេសចិន បណ្តាលឲ្យកប់ផ្នែកខ្លះនៃផ្លូវដែក ដែល កំពុងស្ថិតក្រោមការជួសជុល។
មុនពេលគ្រោះមហន្តរាយនោះ កម្មករចំនួន ១៧នាក់បានកំពុងធ្វើការជួសជុលផ្លូវដែក កាលពីថ្ងៃពុធ ហើយស្រាប់តែដីភ្នំដែលនៅសងខាងកន្លែងកើតហេតុបានរអិលបានមកតែម្តង។
បើតាមសាក្សីម្នាក់ដែលបានឃើញហេតុការណ៍នោះ បានប្រាប់សារព័ត៌មានថា ហេតុការណ៍រអិលបាកដី នៅតំបន់ Ganluo នៃខេត្ត Sichuan កើតឡើងយ៉ាងលឿនជាទីបំផុត។
មន្រ្តីម្នាក់ឈ្មោះ Chen Kun មកពីក្រុមហ៊ុនផ្លូវដែក Chengdu បានថ្លែងដូច្នេះថា “ខ្ញុំបានឃើញចលនាដ៏ចម្លែកមួយនៅលើចំណោទភ្នំ ក្រោយពេលឡានមួយបើកកាត់ ហើយខ្ញុំក៏បានស្រែកប្រាប់ឲ្យមនុស្សគ្រប់គ្នារត់ចេញ “។
លោកថ្លែងបន្ថថា “ថ្ម និងល្បាប់ភក់ធ្លាក់មកយ៉ាងលឿនក្នុងរយៈពេល ២ ទៅ ៣វិនាទី ខណៈពួកយើងកំពុងរត់។ ពួកយើងមានអារម្មណ៍ថាថ្មកំពុងរត់ដេញតាមពួកយើង”។
គ្រោះរអិលបានដីតែងកើតមានជាញឹកញាប់នៅតំបន់ភ្នំក្នុងប្រទេសចិន ជាពិសេសនៅរដូវភ្លៀងធ្លាក់។
កាលពីសប្តាហ៍មុន មនុស្សចំនួន ១៨នាក់ បានស្លាប់នៅក្នុងគ្រោះរអិលបាក់ដី នៅទីក្រុង Wenzhou ខណៈដែលព្យុះទីហ្វុង Lekima បោកបក់លើតំបន់នោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia