Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃឹម​​អង្គការ FAO និង​ដៃគូ​ដ៏ទៃទៀត នឹង​អាចជួយ​ពិនិត្យលទ្ធភាព​ក្នុងការ​ផ្ដល់​ការគាំទ្រ​គម្រោង​លើ​វិស័យ​កសិកម្ម និង​វិស័យ​នានា​

​លោក​រដ្ឋមន្ត្រី​កសិកម្ម មាន​ក្តីសង្ឃឹម និង​ជឿជាក់ថា​អង្គការ FAO និង​ដៃគូ​ដ៏ទៃទៀត នឹង​អាចជួយ​ពិនិត្យ លទ្ធភាព​ក្នុងការ​ផ្ដល់​ការគាំទ្រ​គម្រោង​បន្ថែម​លើ​ការវាយតម្លៃ​ជាទូទៅ​មួយ លើ​វិស័យ​កសិកម្ម និង​វិស័យ​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការគាំទ្រ​លើ​វិស័យ​កសិកម្ម ដែល​បានធ្វើ​ឲ្យ​កំណើន​ក្នុង​វិស័យ​កសិកម្ម ជួបនឹង​បញ្ហា​ប្រឈម និង​មាន​កំណើន​តិច​ទួ​ច​។​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោក Alexandre Huynh នាយក​អង្គការ​ស្បៀងអាហារ និង​កសិកម្ម នៃ​អង្គការសហប្រជាជាតិ (FAO) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមការងារ​ជំនាញ​ផ្នែក​ច្បាប់​ដឹកនាំ​ដោយ​លោកស្រី Teresa Amador ក្នុង​គោលបំណង​សម្តែង​ការគួរសម និង​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ជលផល​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ FAO ដែល​បានផ្តល់ និង​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាពិសេស​រដ្ឋបាល​ជល​ផល ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​អនុវិស័យ​នេះ ជាក់ស្តែង​តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​បាល​ជលផល ក្រុមការងារ​ជំនាញ​ផ្នែក​ច្បាប់​របស់​អង្គការ FAO បាន​មកជួយ​រៀបចំ កែសម្រួល និង​បញ្ចប់​សេចក្តីព្រាងច្បាប់​ស្តីពី​ជលផល ដែល​ច្បាប់​នេះ ពិត​ជាមាន​សារៈសំខាន់ និង​អត្ថប្រយោជន៍​ជាច្រើន​ដល់​ការអភិវឌ្ឍ និង​អភិរក្ស​អនុ​វិស័យនេះ​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​និរន្តរភាព សមស្រប​តាម​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ទន្ទឹមនឹងនេះ ដើម្បី​អភិវឌ្ឍន៍​អនុវិស័យ​នេះ​ឲ្យ​មានការ​រីកចម្រើន​ថែមទៀត លោក​រដ្ឋមន្ត្រី​មាន​ក្តីសង្ឃឹម និង​ជឿជាក់ថា​អង្គការ FAO និង​ដៃគូ​ដ៏ទៃទៀត នឹង​អាចជួយ​ពិនិត្យ លទ្ធភាព​ក្នុងការ​ផ្ដល់​ការគាំទ្រ​គម្រោង​បន្ថែម​លើ​ការវាយតម្លៃ​ជាទូទៅ​មួយ លើ​វិស័យ​កសិកម្ម និង​វិស័យ​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការគាំទ្រ​លើ​វិស័យ​កសិកម្ម ដែល​បានធ្វើ​ឲ្យ​កំណើន​ក្នុង​វិស័យ​កសិកម្ម ជួបនឹង​បញ្ហា​ប្រឈម និង​មាន​កំណើន​តិច​ទួ​ច ក្នុង​រយៈ​ពេលនេះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រួមទាំង​ការនាំចេញ​ផលិតផល​កសិកម្ម​ផងដែរ​។

​បន្ទាប់មក លោក Alexandre Huynh និង​លោកស្រី Teresa Amador បាន​ឯកភាព​ទាំងស្រុង និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព ក៏ដូចជា​សមិទ្ធផល​នានា​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សម្រេចបាន​នាពេល​កន្លងមក​។ ពាក់ព័ន្ធ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​លោកស្រី​បាន​រាយការណ៍​ថា ដោយមាន​កិច្ចសហការ​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការរៀបចំ​ច្បាប់​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ហើយ​សង្ឃឹមថានឹង​អាច​បញ្ចប់​នា​បំណាច់​ឆ្នាំ​២០១៩ នេះ​។ ដោយឡែក​ចំពោះ​ការស្នើសុំ​ការស្នើសុំ​គម្រោង​ធ្វើការ​វាយតម្លៃ​ជាទូទៅ​មួយ​ក្នុង​វិស័យ​កសិកម្ម FAO ទទួលយក​ទៅពិនិត្យ និង​ពិភាក្សា​ជាមួយ​ដៃគូ​ដ៏ទៃទៀត ដើម្បី​មាន​វិធាន និង​ចូលរួម ។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ FAO ដែល​តែងតែ​ជួយឧបត្ថម្ភ គាំទ្រ​ជំនួយ​បច្ចេកទេស លើ​ការកសាង​គោលនយោបាយ និង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​កន្លងមក​៕​ ដោយ​៖​កូ​ឡាប​