ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា-អនុវិទ្យាលយ័ហ៊ុនសែនកម្មករក្រុងព្រះសីហនុ។
សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ សីហាដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
សម្រាប់ខេត្តព្រះសីហនុ មានសិស្សចូលរួមប្រឡងចំនួន ១៥៨៥នាក់ ស្រី ៧៥៧នាក់។
ប្រឡងសញ្ញាប័ត្របាក់ឌុបឆ្នាំនេះ ខេត្តព្រះសីហនុ ចែកចេញជា ៥មណ្ឌល ក្នុងនោះនៅក្រុងព្រះសីហនុមាន ៣មណ្ឌល និងនៅស្រុកព្រៃនប់មាន ២មណ្ឌល។
មណ្ឌលនៅក្រុងព្រះសីហនុ រួមមាន៖ មណ្ឌលវិទ្យាលយ័ក្រុងព្រះសីហនុ, មណ្ឌលអនុវិទ្យាល័យសម្តេចឪ ក្នុងសង្កាត់លេខ៣ និងមណ្ឌលបឋមសិក្សា-អនុវិទ្យាល័យហ៊ុនសែនកម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ចំណែកនៅស្រុកព្រៃនប់ មណ្ឌលប្រឡងទាំង២ ស្ថិតនៅក្នុងវិទ្យាល័យវាលរេញ ឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ ដោយ៖ ដែន សីមា