រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិចលោក Wilbur Ross បានធ្វើការបញ្ជាក់ថា ការផ្អាកការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុន Huawei មិនទាន់ចូលជាធរមាននោះទេ គឺអាមេរិចពន្យារពេលឲ្យក្រុមហ៊ុននេះរយៈពេល ៩០ថ្ងៃទៀត។
កាលពីខែឧសភាកន្លងទៅ អាមេរិចបានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ចូលក្នុងបញ្ជីខ្មៅ ដោយមិនអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិចទាំងអស់ធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនមួយនេះឡើយ ដោយសារតែខ្វាយខ្វល់ពីបញ្ហាសន្តិសុខជាតិ។
ប៉ុន្តែនាពេលបន្ទាប់មក ក្រុមហ៊ុន Huawei ទទួលបានការអនុញ្ញាតបណ្តោះអាសន្នក្នុងការបន្ធូរបន្ថយស្ថានការណ៍។ ការអនុញ្ញាតិជាបណ្តោះអាសន្ននោះ នឹងត្រូវអស់សុពលភាពនៅថ្ងៃចន្ទនេះ ប៉ុន្តែអាមេរិចបានប្រកាសបន្ថែមពេលឲ្យ ៩០ថ្ងៃទៀត។
ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិចខាងលើ បន្ថែមថា ក្រុមហ៊ុនសាខារបស់ Huawei ចំនួន ៤៦នឹងត្រូវដាក់បញ្ជូលក្នុងបញ្ជីខ្មៅរបស់អាមេរិច ដែលក្រុមហ៊ុនទាំងនោះ អាមេរិចមិនធ្វើពាណិជ្ជកម្មជាមួយឡើយ។
ការប្រកាសពីការបន្ថែមពេលវេលានេះ គឺធ្វើឡើងដើម្បីឲ្យក្រុមហ៊ុនអាមេរិច ដូចជាក្រុមហ៊ុន Google ធ្វើពាណិជ្ជកម្មជាមួយនឹង Huawei ខណៈពេលត្រៀមខ្លួនសម្រាប់ការរឹតបន្តឹង។
លោក Wilbur Ross បន្ថែមថា ការពន្យារពេលនោះនឹងជួយដល់អតិថិជនអាមេរិច។
ចំពោះបញ្ហានេះ Huawei បាននិយាយឆ្លើយតបវិញថា ខ្លួនប្រឆាំងទៅនឹងការសម្រេចចិត្តរបស់អាមេរិច ដែលដាក់បញ្ជូលក្រុមហ៊ុនដៃគូរបស់ខ្លួនបន្ថែម ចូលក្នុងបញ្ជីខ្មៅ ហើយក្រុមហ៊ុនមានអារម្មណ៍ថា វាគឺជារឿងនយោបាយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC