តាកែវ៖ រថយន្តដឹកដីចំនួន ៤គ្រឿង និងអេស្កាវេទ័រ មួយគ្រឿង ត្រូវបានអភិបាលក្រុងដូនកែវ រួមជាមួយនិងកម្លាំងចម្រុះ ឃាត់យកមករក្សាទុកនៅសាលាក្រុងដូនកែវ ក្រោយពីម្ចាស់រថយន្តទាំងនោះ បានធ្វើសកម្មភាពលួចកាយអាចម៍ដីបាតបឹងអូរតុំ ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ យកទៅធ្វើអាជីវកម្មដោយមិនមានច្បាប់អនុញ្ញាត ។
ក្រោយពីបញ្ចប់នៅការចុះត្រួតពីនិត្យលើទីតាំង កាយយកអាចម៍ដី នៅបឹងអូរតុំរួច លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានប្រាប់ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ការចុះមកពីនិត្យដល់ទីតាំងកាយដីនេះផ្ទាល់ គឺបន្ទាប់ពីលោកទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋានបានធ្វើសេចក្តីរាយការណ៍ ថាមានសកម្មភាពកាយ ដីបឹងអូរតុំ ហើយដោយពិនិត្យទៅ គឺការកាយយកអាចម៍ដីនៅបាតបឹងនោះ មិនមានច្បាប់អនុញ្ញាតនោះទេ ទើបរូបលោកដឹកនាំកម្លាំងចម្រុះ ចុះមកដល់ទីតាំងភ្លាមៗ និងឈានទៅដល់ការឃាត់រថយន្តដឹកដី បានចំនួន ៤គ្រឿង និងគ្រឿងចក្រ អេស្កាវេទ័រ ១គ្រឿង យកមករក្សាទុកនៅសាលាក្រុងដូនកែវ ។ លោកអភិបាលក្រុងបានបន្តថា ចំពោះវិធានការណ៍វិញ គឺយើងតម្រូវឲ្យម្ចាស់ទីតាំងដែលយកគ្រឿងចក្រនិងរថយន្ត មកលួចកាយដីបាតបឹងធ្វើអាជីវកម្មនេះ ចូលខ្លួនមកទទួលការផាកពិន័យ រួចត្រូវស្នើសុំច្បាប់អនុញ្ញាត ទើបអាចធ្វើអាជីវកម្មរបស់ខ្លួនបន្តបាន ។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ បានគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការនេះ និងសូមឲ្យលោក កង អាណាន់ អភិបាលក្រុងដូនកែវ អនុវត្តន៍ចំពោះចំណាត់ការនេះបន្តទៀត ដើម្បីលុបបំបាត់ ពាក្យដែលធ្លាប់ឮពីមុនមក ឲ្យតែកាយដីក្នុងបឹង ក្នុងអូរ គឺគេឆ្លើយថា កាយដើម្បីស្តារបឹង ស្តារអូរហើយ ៕ ដោយ៖តាកែវ