ខេត្តស្វាយរៀងៈលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះ មានលោក លោកស្រីជាសមាជិកព្រឹទ្ធសភា រដ្ឋសភា លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងស្រុករំដួល លោក លោកស្រីជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអភិបាលខេត្ត អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១.២០០នាក់ ។
សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល ត្រូវបានសាងសង់ដោយចំណាយអស់ថវិកា ប្រមាណ ៥៦ម៉ឺនដុល្លារ ដែលជាថវិកាកសាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោកនាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន និង សប្បុរសជន ៕ដោយ៖ វ៉ៃកូ