យោធាអាមេរិចមិនមែនជាកងកម្លាំងដ៏ធំជាងគេទៀតឡើយនៅក្នុងតំបន់អាស៊ី ហើយមីស៊ីលរបស់ចិនដែលមានការអភិវឌ្ឍយ៉ាងលឿន អាចវាយសន្ធាប់លើមូលដ្ឋានទ័ពអាមេរិចបាន ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់របាយការណ៍ថ្មីមួយ។
របាយការណ៍ដែលចេញដោយមជ្ឈមណ្ឌលសិក្សាអាមេរិច នៅសកលវិទ្យាល័យស៊ីតនី ក្នុងប្រទេសអូស្រ្តាលី បានធ្វើការព្រមានថា យុទ្ធសាស្រ្តការពាររបស់អាមេរិចនៅតំបន់ឥណ្ឌូប៉ាស៊ីភិច គឺកំពុងស្ថិតក្នុងវិបត្តិដែលមិនធ្លាប់មានពីមុនមក ហើយអាមេរិចមិនអាចការពារសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងការវាយប្រហាររបស់ចិនឡើយ។
របាយការណ៍ថា អូស្រ្តាលី ជប៉ុន និងសម្ព័ន្ធមិត្តដ៏ទៃទៀតរបស់អាមេរិច ត្រូវការកសាង និងចាប់ផ្តើមផ្តោតឡើងវិញលើកម្លាំងរបស់ពួកគេក្នុងតំបន់ និងត្រូវបង្កើនសហប្រតិបត្តិការជាមួយអាមេរិច ដើម្បីធានាពីសុវត្ថិភាពរបស់ពួកគេ។
របាយការណ៍ក៏បានលើកឡើងពីចំណុចដែលយោធាចិនបង្កើតការអភិវឌ្ឍន៍យ៉ាងលឿន បើធៀបទៅនឹងអាមេរិច និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី និងសម្ព័ន្ធដទៃទៀត។ ការរីកចម្រើនយ៉ាងលឿន ក្នុងចំណោមការរីកចម្រើនផ្សេងទៀតនោះ គឺការអភិវឌ្ឍមីស៊ីល។
“ចិនបានដាក់ពង្រាយក្បួនមីស៊ីលដ៏គួរឲ្យខ្លាច និងប្រព័ន្ធវាយបកផ្សេងទៀត ដើម្បីធ្វើឲ្យយោធាអាមេរិចអន់ថយ។ មីស៊ីលទាំងនោះមានចំនួនរាប់ពាន់ដើម។ នេះបើតាមការបញ្ជាក់របស់របាយការណ៍។
ជុំវិញបញ្ហានេះដែឬ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទថា ខ្លួនមិនបានឃើញរបាយការណ៍នោះទេ ប៉ុន្តែអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា គោលនយោបាយយោធារបស់ចិន គឺសម្រាប់ទុកការពារខ្លួនប៉ុណ្ណោះ។
អ្នកនាំពាក្យឈ្មោះ Geng Shuang បានថ្លែងយ៉ាងដូច្នេះថា “ចិនកំពុងស្ថិតនៅលើផ្លូវប្រកបដោយការអភិវឌ្ឍសន្តិភាព ហើយគោលនយោបាយការពារជាតិរបស់ពួកយើង គឺសម្រាប់ការពារខ្លួនសុទ្ធសាធ”៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia