រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានថ្លែងនៅថ្ងៃសុក្រនេះថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ទាំងការចរចា និងប្រឈមមុខជាមួយនឹងសហរដ្ឋអាមេរិច។ លោកក៏បានព្រមានទីក្រុងវ៉ាស៊ីនតោនថា ការបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើងអាចនឹងជាការគិតខុស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ កូរ៉េខាងជើង KCNA។
កិច្ចចរចានៃក្រុមការងាររវាងអាមេរិច និងកូរ៉េខាងជើង មិនទាន់បានចាប់ផ្តើមឡើងវិញនៅឡើយទេ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ២ រវាងដូណាល់ ត្រាំ និងគីម ជុងអ៊ុន មិនបានទទួលផ្លែផ្កាអ្វីសោះ កាលពីខែកុម្ភៈ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក ត្រាំ និងគីម ជុងអ៊ុន បានជួបគ្នាម្តងទៀត កាលពីខែមិថុនា នៅតំបន់គ្មានកងទ័ពដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ ហើយភាគីទាំងពីរ បានព្រមព្រៀងគ្នាបើកកិច្ចចរចាឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះ វាមិនទាន់កើតឡើងនៅឡើយទេ។
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងថ្លែងដូច្នេះថា “ប្រសិនជាអាមេរិចនៅតែស្រមៃចង់សម្រេចអ្វីៗដោយសារទណ្ឌកម្មរបស់ខ្លួន ពួកយើងត្រូវតែឲ្យពួកគេស្រមៃទៀតចុះ ឬបំផ្លាញការស្រមៃពួកគេចោល”។
លោកថ្លែងទៀតថា “ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចរចា និងការប្រឈមមុខគ្នា។ ប្រសិនជាអាមេរិចព្យាយាមប្រឈមជាមួយយើងដោយការដាក់ទណ្ឌកម្ម និងមិនបោះបង់ចោល វានឹងក្លាយជាការគិតខុស”។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ធ្លាប់ប្រកាសហើយថា អាមេរិចមិនបន្ធូរបន្ថយទណ្ឌកម្មឲ្យខ្លាំងប្រឆាំងនឹងកូរ៉េខាងជើងឡើយ បើរបបនេះមិនព្រមរំសាយនុយក្លេអ៊ែរចោល និងបានប្រាប់របបព្យុងយ៉ាងថា ការបោះបង់ចោលនុយក្លេអ៊ែរគឺជាមាគ៌ាដ៏ត្រឹមត្រូវ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia