ភ្នំពេញ៖ ពាក់ព័ន្ធស្ថានភាពព្រំដែនកម្ពុជា-ឡាវនៅចំណុចទន្លេរពៅ ក្នុងតំបន់មុំបី នៅស្រុកឆែបត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ឬមានអ្វីធ្ងន់ធ្ងរនោះឡើយ ហើយភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីរកដំណោះស្រាយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តាមគម្រោងគឺថ្ងៃនេះ គឺមានការពិគ្រោះគ្នាថ្នាក់ខ្ពស់ហើយ មិនមានបញ្ហាទេ យើងនឹងដោះស្រាយហើយ កន្លែងហ្នឹងមានការបកស្រាយហួសហេតុពេក គឺថាទេមិនមានអ្វីដែលជាការប្រឈមខ្លាំងក្លាទេ រឿងតូចតាចមួយហ្នឹង។
ការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការចែកចាយតគ្នា នូវដំណឹងដែលថា ស្ថានភាពកម្ពុជា-ឡាវ កំពុងតានតឹងដាក់គ្នាស្ទើតែផ្ទុះអាវុធ នៅពេលដែលកងទ័ពឡាវ និងកម្ពុជា មានវត្តមាននៅព្រំដែនត្រង់ចំណុចព្រំដែនទន្លេល្ពៅ ខេត្តព្រះវិហារ។
ចំពោះបញ្ហានេះ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-ឡាវ តាំងពីដំបូង គឺបានបញ្ជាដាច់ខាត គឺមិនឱ្យមានការប៉ះទង្គិចគ្នានោះទេ ដោយត្រូវឈរទៅលើការជជែកដោះស្រាយដោយសន្តិវិធី ហើយសម្តេចសង្ឃឹមថា រឿងនេះនឹងបានដោះស្រាយចប់ឆាប់ៗនេះ។ បញ្ហាព្រំដែនកម្ពុជា-ឡាវនេះ កើតឡើងដោយសារតែតំបន់នោះជាតំបន់មិនទាន់បោះបង្គោលព្រំដែនដាច់ស្រេចនៅឡើយ ហើយប្រជាជនខ្មែរ បានឃើញដីនោះទំនេរ ក៏ទៅបង្កបង្កើនផលទីនោះ ហើយកងទ័ពឡាវបានមកដកដំណាំរបស់ពួកគាត់ ទើបប្រជាជនបានរាយការណ៍ដល់កងកម្លាំងយោធារបស់កម្ពុជា។
យោងតាមអាខោនហ្វេសប៊ុក របស់លោកខៀវ កាញារីទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបង្ហោះសារពាក់ព័ន្ធសភាពការណ៍ព្រំដែនកម្ពុជា ឡាវ នៅស្រុកជាំក្សាន្ដភាគខាងជើងប្រទេស កងទ័ពឡាវបានបង្កើនកម្លាំងច្រើនជាងសព្វដង ហើយខាងកម្ពុជាយើងក៏បានបង្កើនកម្លាំងផងដែរមិនតែប៉ុណ្ណោះ មេទ័ពកម្ពុជាលោកឧត្តមសេនីយ៍ស្រី ឌឹមេបញ្ជាការកងពលធំលេខ3ប្រចាំតំបន់នោះបានបញ្ជាឲ្យអាជ្ញាធរជម្លៀសពលរដ្ឋចំនួន៤ភូមិក្នុងឃុំចំនួន២ដើម្បីការពារសុវត្តិភាពដែលអាចកើតឡើងជាយថាហេតុ ។
ខ្លឹមសារនៃរបាយណ៍ដែលលោករដ្ឋមន្ដ្រីបានបង្ហោះនោះបានបន្ដលើកឡើងថា នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩នេះ សភាពការណ៍ព្រំដែនកម្ពុជា ឡាវ បើតាម លោកអធិការស្រុកជាំក្សាន្តនិងកងកម្លាំងជួរមុខឃើញថា សកម្មភាពយោធាឡាវបន្តឈរជើងនៅចំណុចដដែល ពិនិត្យឃើញមានការកើនកម្លាំងជាងមុន ។ កម្លាំងខាងយើង ក៏បានបន្ថែមនៅគ្រប់គោលដៅត្រៀមចាំបញ្ជាយ៉ាងយកចិត្តទុកដាក់។នៅម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី២២ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំលេខ3 បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំនិងសមត្ថកិច្ចស្រុកជាំក្សាន្តអោយធ្វើការត្រៀមលក្ខណះ ជម្លៀសប្រជាជនចំនួន 4ភូមិក្នុង2ឃុំ ។ ក្នុងនោះទី១មាន ភូមិរបុញ ទី២ មាន ភូមិសែនតេជះទី៣មាន ភូមិមរកតតេជោក្នុងឃុំមរកតនិងភូមិ សែនរុងរឿងប្រាំ ក្នុងឃុំទឹកក្រហមស្រុកជាំក្សាន្ត អោយមកស្នាក់ជានៅគោលដៅចំណុចស្រះម្លិះ និងវត្តទួលអណ្តែតក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ ក្នុងករណីមានអាសន្នបើសិនឈានដល់ការផ្ទុះអាវុធនោះ ។
លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បានប្រាប់ ថា រហូតដល់ពេលនេះ ស្ថានភាពនៅតំបន់ព្រំដែនខេត្តព្រះវិហារ នៅចំណុចមុំបីនោះ មានស្ថានភាពធម្មតា ហើយលោកថា ពុំមែនជាការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវឡើយ។ ទាំងកម្ពុជា និងទាំងកងទ័ពឡាវ មិនមានបង្កើនកម្លាំងទ័ព ដូចការផ្សព្វផ្សាយនោះទេ។ មេបញ្ជាការកងទ័ពទាំងពីរ ក៏បានជួបចរចា ពិភាក្សាគ្នា តាំងពីមួយថ្ងៃពីរថ្ងៃមុន រហូតដល់ថ្ងៃនេះទៀត គឺយើងកំពុងចរចាគ្នា។ បើចរចា នៅតែមិនត្រូវគ្នា គឺយើងទុកលទ្ធភាពឲ្យរដ្ឋាភិបាលទាំងពីរ ដោះស្រាយ។
លោក ម៉ៅ ផល្លា បញ្ជាក់ថា ការឈរជើងនៅតំបន់មុំបីរវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ ដោយសារតែឡាវអះអាងថា តំបន់ព្រំដែននោះ ជាទឹកដីរបស់ខ្លួន ខណៈដែលកម្ពុជាយើង ក៏បានចាត់ទុកថា នៅចំណុចទន្លេរពៅ ក្នុងតំបន់មុំបី នៅស្រុកឆែប ខេត្តព្រះវិហារ ជាទឹកដីរបស់កម្ពុជាយើងដែរ៕ ដោយ៖បញ្ញាស័ក្តិ