សៀមរាប ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្តីពីការគ្រប់គ្រង ការនាំចេញ នាំចូលវត្ថុសិល្បៈ និង ការពិគ្រោះយោបល់ នៃការអនុវត្តប្រកាសលេខ ១១៩ ប្រ.ក លើកទី១ នៅខេត្តសៀមរាប ក្នុងគោលបំណងត្រួតពិនិត្យ និង គ្រប់គ្រងការធ្វើអាជីវកម្មវត្ថុសិល្បៈ ដើម្បីទប់ស្កាត់ ការលួចបន្លំ ការនាំចេញ នាំចូលវត្ថុបុរាណដោយខុសច្បាប់ និង មានគោលដៅកំណត់អំពីនីតិវិធី នៃការដាក់ពាក្យស្នើសុំ ការកំណត់កម្រៃសេវារដ្ឋបាល សមត្ថកិច្ចក្នុងការពិនិត្យ និងផ្តល់លិខិតអនុញ្ញាត ការនាំចេញវត្ថុសិល្បៈទៅបរទេស ការផ្អាក និង បញ្ឈប់ជាផ្លូវការចំពោះអាជីវកម្មលក់វត្ថុសិល្បៈ ដើម្បីធានាដល់ការគ្រប់គ្រង និង ត្រួតពិនិត្យការនាំចេញ នាំចូលវត្ថុសិល្បះ ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាការបំផុសស្មារតីរួមគ្នាយកចិត្តទុកដាក់ថែរក្សាការពារ និង ផ្សព្វ ផ្សាយឲ្យដល់សាធារណជន និង មហាជន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និង បញ្ហាប្រឈមនានា ក្នុងការរកដំណោះស្រាយរួមគ្នា ក្នុងការអនុវត្តនូវបទដ្ឋានគតិយុត្តផ្សេងៗ លើការធ្វើអាជីវកម្ម ក៏ដូចសិប្បកម្មវត្ថុសិល្បៈ និង ផ្តល់នូវមតិយោបល់ពិភាក្សា ដោយបើកចំហអំពីហេតុផលប៉ះពាល់ ក្នុងការប្រកាស ស្តីពីការគ្រប់គ្រង ការនាំចេញ នាំចូលវត្ថុសិល្បៈ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលជាប្រធានបទ និង អនុសាសន៍ផ្សេងៗ ដើម្បីផលប្រយោជន៍ក្នុងការការពារ អភិរក្សវត្ថុបុរាណ ក៏ដូចជាសម្បត្តិបេតិកភណ្ឌជាតិរបស់យើងទាំងអស់គ្នា ។
លោកស្រី យូ សុភាអភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា កម្ពុជាបានផ្ទុកនូវសម្បត្តិវប្បធម៌ដ៏ចំណាស់ និង បានឆ្លងកាត់នូវវិនាសសកម្មដ៏សែនខ្លោចផ្សាយ រយៈពេញជាច្រើនទសវត្ស សំខាន់សង្គ្រាមស៊ីវិលជាងបីទសវត្សមកនេះ ហើយមិនត្រឹមតែជីវិតមនុស្សបាត់បង់នោះទេ សម្បត្តិវប្បធម៌ក៏បាន បាត់បង់ជាច្រើនអនេកផងដែរ ហើយបើទោះបីប្រទេសជាតិ ស្ថិតក្នុងដំណាក់កាលមានសុខសន្តិភាពពេញបរិបូរណ៍ក៏ដោយ ក៏ពុំមានន័យថា សម្បត្តិបេតិកភណ្ឌវប្បធម៌មានសុវត្ថិភាពនោះដែរ ដរាបណាវត្ថុសិល្បៈទាំងអស់នោះ ពុំទាន់ទទួលបានកិច្ចគាំពារ ថែរក្សា និង គ្រប់គ្រង ការនាំចេញវត្ថុសិល្បៈដោយ មានកិច្ចសហការពេញលេញ ត្រឹមត្រូវពីសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។
លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា សិក្ខាសាលានេះ ជាការបង្ហាញពីបញ្ហាប្រឈម និង ពាក់ព័ន្ធការធ្វើអាជីវកម្មវត្ថុសិល្បៈ សម្រាប់នាំចេញ និង ការនាំចូលវត្ថុសិល្បៈពីបរទេស ដោយបច្ចុប្បន្ននេះ ក៏មានលំហូរចូលវត្ថុសិល្បៈពីបរទេស និង វត្ថុសិល្បៈផលិតថ្មីៗ និង ចម្លងពីក្រៅប្រទេស ដាក់ធ្វើចរាចរណ៍នៅតាមទីផ្សារកម្ពុជាយើង ដែលកត្តាទាំងនេះហើយ បានធ្វើឲ្យប៉ះពាល់ដល់បងប្អូនសិល្បករ និង សិប្បកម្មលក្ខណៈគ្រួសារ ពិសេសធ្វើឲ្យបាត់បង់ នូវទំនុកចិត្តពីអតិថិជន និងភ្ញៀវទេសចរណ៍ សំខាន់នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ជាតិ ។
លោកជុច ភឿន មានប្រសាសន៍បន្ថែមថា ដើម្បីទប់ស្កាត់ ការពារវត្ថុបុរាណ និង ស្ថានីយបុរាណ ដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរស និង ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលកំពុងប្រឈមនឹងការបាត់បង់ពីកត្តាធម្មជាតិ កត្តាមនុស្ស និង ការជួញដូរ បំផ្លិចបំផ្លាញ ឈូសឆាយ ជីរុករកវត្ថុបុរាណខុសច្បាប់ សូមឲ្យស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការគ្រប់គ្រង ថែរក្សា ការពារ និង អភិរក្សឲ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ និង ចូលរួមពិភាក្សា ផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍ តាមរយៈការដាក់ចេញនូវអនុសាសន៍រួមសម្រាប់ ជាត្រីវិស័យមួយយកទៅ អនុវត្តឲ្យទទួលបានលទ្ធផលល្អ សម្រាប់ដំណើរការគ្រប់គ្រងការនាំចេញ នាំចូលវត្ថុសិល្បះ និង ថែរក្សាវត្ថុបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិដ៏មានតម្លៃ និង ជាកត្តាលីករសំខាន់ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕ ដោយ៖កូឡាប