ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យមហៅកាត់ថា SME គឺជាវិស័យមួយ ដើរតួយ៉ាងសំខាន់ក្នុងការជួយដល់កំណើន ផលិតផលសរុបក្នុងស្រុក ជាពិសេសជួយបង្កើនដល់កំណើនសេដ្ឋកិច្ចជាតិ។
លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានលើកឡើងនៅ ក្នុងសិក្ខាសាលាស្តីពី ការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងឧស្សាហកម្ម កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះថា ពាក់ព័ន្ធនឹងវិស័យសហគ្រាសធុនតូច និង មធ្យម នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីចុងមីនា កន្លងទៅនេះ រាជរដ្ឋាភិបាលបានរៀបចំវិធាន និង នីតិវិធីលម្អិតដើម្បីអនុវត្តន៍ តាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាព នៃការអនុវត្តន៍ និងរៀបចំស្នើនូវវិធានការបន្ថែម ក្នុងករណីចាំបាច់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងវិស័យនេះ ។
លោក រដ្ឋលេខាធិការ បន្តថា តាមវេទិការរាជរដ្ឋាភិបាល វិស័យសហគ្រាសធុនតូច និងមធ្យម នឹងកើតចេញជារូបរាងឡើងនៅចុងឆ្នាំ២០១៩ នេះជាមិនខាន ព្រោះវិស័យ SME ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលមានតួនាទីយ៉ាងសំខាន់ ដើម្បីជួយវិស័យនេះ អាចធ្វើទំនើបកម្ម នឹងដើរឲ្យទាន់សង្វាក់ផលិតកម្មពិភពលោក ព្រោះវិស័យ SME គឺជាផ្នែកមួយជួយដល់ផលិតផលសរុប ក្នុងស្រុកមានកំណើនល្អ ជាពិសេសជួយបង្កើនដល់កំណើនសេដ្ឋកិច្ចជាតិប្រមាណជាង៣២,៨ភាគរយ នៅឆ្នាំ២០១៨ពោលគឺលឿនជាងផែនការរហូតដល់ទៅ៥ឆ្នាំ។
លោកបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៏ដូចជាវិស័យឌីជីថល ស្របទៅនិងការរីកចម្រើនបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ កម្ពុជាក៏គ្រោងប្រើប្រាស់ផ្កាយរណបដោយខ្លួនឯង នៅក្នុងអំឡុងឆ្នាំ២០២២ ហើយក៏គ្រោងនឹងប្រើប្រាស់ប្រាស់ ឌីជីថល ខេមបូឌា នៅក្នុងអំឡុងឆ្នាំ២០២៣ខាងមុខនេះផងដែរ។
សូមរំលឹកបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាចំនួន១០០លានដុល្លារអាមេរិក សម្រាប់ការបង្កើត ធ.ស.ក. ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ SMEs សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជារួមមកទល់ពេលនេះ ការសិក្សាអំពីសមិទ្ធិលទ្ធភាព ការបង្កើតក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការរៀបចំផែនការ អាជីវកម្ម និងរចនាសម្ព័ន្ធដឹកនាំរបស់ធនាគារ ដើម្បីឈានដ៏ការបង្កើត ធ.ស.ក. ត្រូវបាននិងកំពុងរៀបចំស្ទើរតែបញ្ចប់ទាំងស្រុង ដោយធនាគារនេះត្រូវបានរំពឹងថា នឹងចាប់ដំណើរការនាពេលដ៏ខ្លីខាងមុខ៕ ដោយ៖បញ្ញាស័ក្តិ