Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ AIPA នៅ​ប្រទេស​ថៃ​

​ប្រទេស​ថៃ ​៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ប្រធានសភា ឬ​ប្រធាន​គណៈប្រតិភូ​សភា នៃ​សភា​ជា​សមាជិក AIPA ទាំង​១០​ប្រទេស បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ AIPA នៅ​រាត្រី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​​ដល់​ប្រទេស​ថៃ នា​រសៀល​ថ្ងៃនេះ​។

​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ ដឹកនាំ​ដោយ លោក ឈួន លី​ក​ផៃ (Chuan Leekpai) ប្រធានសភា​ប្រទេស​ថៃ និង​ជា​ប្រធាន​AIPA លើក​ទី​៤០​។​សមាជិក​AIPA មាន​សភា​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សឹង្ហ​បុរី ថៃ វៀតណាម និង​ហ្វីលីពីន​។ កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ ជា​កិច្ចប្រជុំ​សំខាន់ មុន​មហាសន្និបាត​បើក ដំណើរការ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ​។

​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ពិភាក្សា​សម្រេច​លើ​សកម្មភាព និង​របៀបវារៈ មហាសន្និបាត​ទាំង មូល​។

សូមជម្រាបថា សភា​នៃ​ប្រទេស​ថៃ រៀបចំ​មហាសន្និបាត AIPA នៅ​ឆ្នាំនេះ ក្រោម​មូលបទ “​ការលើកកម្ពស់​ភាពជា​ដៃគូ​សភា ដើម្បី​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព​” នៅ​សណ្ឋាគារ Shangri -La នាទី​ក្រុង​បាកក ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា AIPA លើក​ទី​៤០ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។​

​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា (AIPA) ជា​អង្គការ​អន្តរ​សភា ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) មាន​សមាជិក​១០​ប្រទេស គឺ ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សឹង្ហ​បុរី ថៃ វៀតណាម និង​ហ្វីលីពីន​។

AIPA ជាការ​ប្រមូលផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន ជា​ដៃគូ​អាស៊ាន ក្នុងការ​ជំរុញ​ឲ្យ​បានសម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែមួយ​។​

​មហាសន្និបាត​អាយ​ប៉ា បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ដោយ​ប្រទេស​ជា​សមាជិក​ផ្លាស់​វេន​គ្នា​តាម​លំដាប់​អក្ខរក្រម នៃ​ឈ្មោះ​ប្រទេស​តាម​អក្សរ​ឡាតាំង ដើម្បី​រៀបចំ​។ សភា​ប្រទេស​ថៃ រៀបចំ​មហាសន្និបាត​អាយ​ប៉ា​នៅ​ឆ្នាំនេះ គឺ​ក្រោម​ប្រធានបទ “​ជំរុញ​ភាពជា​ដៃគូ​សភា ដើម្បី​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព​”​។

​នៅ​កំឡុងពេល​មហាសន្និបាត​នេះ នឹងមាន​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​ជំនាញ ជាច្រើន​របស់ AIPA ដូចជា កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី​(WAIPA) គណៈកម្មាធិការ​នយោបាយ គណៈកម្មាធិការ​សេដ្ឋកិច្ច គណៈកម្មាធិការ​សង្គម​កិច្ច គណៈកម្មាធិការ​រៀបចំ និង​កិច្ចប្រជុំ​រវាង AIPA ជាមួយ​បណ្តា​ប្រទេស​សង្កេតការណ៍ ជាដើម​។​

​វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ គឺជា​ការបំពេញ​បេសកកម្ម​ការទូត​សភា​នៅក្នុង​ការចូលរួម​កសាង​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅក្នុង​តំបន់​និង​ពិភពលោក និង​ជាការ​កសាង​កិត្យានុភាព​ដល់​សភា​និង​ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

×