ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៅថ្ងៃទី២៧សីហា បានធ្វើការណែនាំដល់មហាជនឲ្យប្រើប្រាស់ Facebook ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ជៀសវាងក្លាយជាឧបករណ៍របស់ជនខិលខូចដែលឈានដល់ប្រព្រឹត្តិអំពល្មើសច្បាប់ ដោយអ្នកពុំបានដឹងខ្លួន។
លោក ឧត្តមសេនីយ៍ឯក ហោ សំអាត ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ មន្ត្រីនគរបាលជំនាញ បានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋទូទៅដែលកំពុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងក្លាយជាឧបករណ៍របស់ជនខិលខូចដែលឈានដល់ប្រព្រឹត្តិអំពើល្មើសច្បាប់ដោយអ្នកពុំបានដឹងខ្លួន។ ជាក់ស្តែងបច្ចុប្បន្ន ជនខិលខូចមួយចំនួនបានបង្កើតកម្មវិធីជាច្រើនដើម្បីទាក់ទាញអ្នកប្រើប្រាស់ ក្នុងការតភ្ជាប់ Facebook Login នឹងទាញយក Access Token (ឧទាហរណ៍៖ កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ផ្សេងៗ) ដែលដំណើរការនេះគឺអាចHack យក Facebook មកគ្រប់គ្រងជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ ដើម្បីភ្ជាប់ជាមួយកម្មវិធី Facebook API។
មន្ត្រីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានលើកឡើងដែរថា ប្រសិនបើ Facebook Access Token ត្រូវបានយកទៅប្រើប្រាស់ដោយខុសច្បាប់នោះ អាចបង្កហានិភ័យជាច្រើនរួមមាន៖ ជនអនាមិកអាចប្រើប្រាស់ Facebook Access Token តភ្ជាប់ជាមួយ Facebook API ទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់គណនី (ឧទាហរណ៍៖ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ។ល។) ធ្វើការបង្ហោះអត្ថបទ រូបភាព ឬវីដេអូ ជំនួសម្ចាស់គណនី ។ ធ្វើការលួចមើលប្រអប់សារគណនី Facebook របស់ម្ចាស់គណនី។ ប្រើប្រាស់កម្មវិធីជំនួយ បញ្ជាគណនី Facebook ដើម្បី Like ទំព័រ Page ដាក់បញ្ចូលក្នុង Group ដោយម្ចាស់គណនីពុំបានដឹងខ្លួន។ ប្រើប្រាស់កម្មវិធីជំនួយ ក្នុងការបំប្លែង Access Token ទៅជា Browser Session និងចូលទៅកាន់គណនី Facebook ជនរងគ្រោះ។
ទន្ទឹមនឹងបញ្ហាប្រឈមខាងលើ មន្ត្រីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា បានផ្តល់ការណែនាំផងដែរ ដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ទាំងអស់អាចគ្រប់គ្រងកម្មវធីដែលកំពុងប្រើប្រាស់ Facebook Access Token របស់អ្នកដោយវិធីសាស្ត្រដូចខាងក្រោម៖ ដំណើរការចូលគណនី Facebook របស់អ្នក ជ្រើសរើសយក Settings។ បន្ទាប់មកជ្រើសរើសយក Apps and Websites ។ ក្នុងប្រអប់ Active អ្នកអាចធ្វើការកំណត់សិទ្ធិកម្មវិធី ដែលកំពុងប្រើប្រាស់ Access Token របស់អ្នក ឬធ្វើការលប់កម្មវីធីទាំងនោះចោលតែម្តង៕