នារីថៃម្នាក់ដែលជាប់ក្នុងកំណត់ត្រា Guiness ជា «ក្មេងស្រីមានរោមច្រើនបំផុតពិភពលោក» កាលពីឆ្នាំ២០១០ នោះ ថ្មីៗនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿ បន្ទាប់ពីនាងបានបង្ហោះរូបថតថ្មីៗមួយចំនួនបង្ហាញថា សក់ក្រាស់ឃ្មឹករុំព័ទ្ធផ្ទៃមុខរបស់នាង ឥឡូវនេះ លែងមានទៀតហើយ ។
នាង Supatra “Natty” Susuphan អាយុ ១៧ ឆ្នាំ មកពីទីក្រុងបាងកក ប្រទេសថៃ ដែលពីមុនមានរោមក្រាស់ដុះពាសពេញផ្ទៃមុខ រហូតជាប់ក្នុងកំណត់ត្រា Guiness បានបង្ហាញឲ្យឃើញមុខរបស់នាងល្អស្អាត (លែងមានរោម) នៅលើបណ្តាញសង្គម ដោយអមជាមួយរូបថតស្វ៊ីតៗច្រើនសន្លឹកជាមួយស្វាមីដំបូងរបស់នាង ។
នាងត្រូវបានគេដឹងថា បានរងទទួលជំងឺដ៏កម្រមួយមានឈ្មោះ Ambras Syndrome ដែលក៏ត្រូវបានដឹងថាជា Werewolf Syndrome -ដែលជាជំងឺមួយធ្វើឲ្យនាងដុះរោមច្រើនលើសលប់នៅលើរាងកាយ ។
Natty ឲ្យដឹងថា កាលពីនៅក្មេង នាងធ្លាប់ព្យាបាលតាមរយៈការបាញ់ឡាស៊ែរផងដែរ ប៉ុន្តែ ពុំបានបាត់ឡើយ ព្រោះពួកវានៅតែដុះមកវិញដដែល ។ ហើយទាក់ទងនឹងមុខរបស់នាងលែងមានរោមនេះ នាងបានបង្ហើបឲ្យដឹងថា តាមពិតទៅ គឺដោយសារតែនាងបានចាប់ផ្តើមទម្លាប់កោរវាប៉ុណ្ណោះ ។
ទោះយ៉ាងណា ឥឡូវនេះ នាងបានរកឃើញសុភមង្គល ជាមួយប្តីជាទីស្រលាញ់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បន្ទាប់ពីនាងបានផុសសារនៅលើហ្វេសប៊ុកថា៖ «បងមិនមែនត្រឹមតែជាមនុស្សដំបូងរបស់អូនទេ តែបងក៏ជាមនុស្សជាទីស្រលាញ់ម្នាក់នៅក្នុងមួយជីវិតរបស់អូន» ៕