ភ្នំពេញ៖ មូលនិធិគន្ធបុប្ផា នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងសៀមរាប នៅថ្ងៃទី៥ខែមករាឆ្នាំ២០១៨នេះ បានចេញព័ត៌មានតួលេខពិតប្រចាំឆ្នាំ២០១៧ ដែលកុមារបានមកព្យាបាលជំងឺ ជាង៩សែននាក់ និងស្ត្រីមានផ្ទៃពោះជាង១សែននាក់ បានមកពិនិត្យនិងព្យាបាល។
បើតាមរបាយការណ៍បានបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣) គឺមានកុមារមានជំងឺចំនួន៩០៩.១៩២នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ពោលគឺមានការកើតឡើង៧ភាគរយ ច្រើនជាងក្នុងឆ្នាំ២០១៦ ចំនួន៨៤៨.៣៩៣នាក់។ កុមារមានជំងឺធ្ងន់ធ្ងរចំនួន១៧២.៤៧០នាក់ ត្រូវបានពិនិត្យដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គឺកើនឡើង១១ភាគរយ ច្រើនជាងក្នុងឆ្នាំ២០១៦ ចំនួន១៥៥.៣៣៨នាក់។ មានការវះកាត់ចំនួន២៦.៤៤២នាក់ កើនឡើង៨,៦ភាគរយ ច្រើនជាងក្នុងឆ្នាំ២០១៦ចំនួន២៤.៣៤៨នាក់។ ការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាមកាតេទែរ បានចំនួន៤១៣នាក់។
ចំណែកនៅមន្ទីរសម្ភពជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាទី៣ ) ក្នុងខេត្តសៀមរាប អង្គរ គឺស្ត្រីមានផ្ទៃពោះចំនួន១៥៤.៧១៦នាក់ ត្រូវបានពិនិត្យនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរពសម្ភព គឺកើនឡើង៦,៦ភាគរយច្រើនជាងក្នុងឆ្នាំ២០១៦ចំនួន១៤៥.០៨០នាក់។ សម្រាកកូនបានចំនួន២៥.៣៥៧នាក់ កើនឡើង៧,២ភាគរយ ច្រើនជាងឆ្នាំ២០១៦ចំនួន២៣.៦៤៣នាក់ និងសម្រាលដោយវះកាត់មានចំនួន៣.០០៥នាក់។
ប្រធានមូលនិធិគន្ធបុប្ផា បានឲ្យដឹងក្នុងរបាយការណ៍ដដែលនេះថា អ្នកជំងឺភាគច្រើនមានជីវភាពទីទ័លក្រ ។ ហេតុនេះហើយ ទើបរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា។ ពុំមានអំពើពុករលួយ។ ស្តង់ដារនៃការព្យាបាល ស្តង់ដារនៃមធ្យោបាយសម្ភារៈ ដូចជាបរិក្ខារមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ ។ល។ និងស្តង់ដារនៃឱសថថ្នាំពេទ្យ គឺមានស្តង់ដារដូចគ្នានៅប្រទេសស្វីស។ មូលនិធិគន្ធបុប្ផា ក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកកម្ពុជាយើងទាំង២៥០០នាក់ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ ទាំងយប់ទាំងថ្ងៃ ហើយជោគជ័យដ៏ធេងនេះ អាចឲ្យយើងជួយសង្គ្រោះជីវិតអ្នកជំងឺបានយ៉ាងច្រើន ជាពិសេសអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែកបង្កើនថវិកាទ្រទ្រង់មន្ទីរពេទ្យយ៉ាងធំធេង និងរដ្ឋាភិបាលស្វីស និងសប្បុរសជនស្វីស ដែលបន្តចូលរួមចំណែកថវិកា និងបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា៕ ដោយ៖កូឡាប