សហរដ្ឋអាមេរិចបានអនុវត្តន៍ការយកពន្ធថ្មីទៅលើផលិតផលនាំចូលពីចិនដែលមានទំហំទឹកប្រាក់ ១១២ពាន់លានដុល្លារ ដែលទំនិញទាំងនោះរួមមានដូចជា ស្បែកជើង ចំណីអាហារ និងផលិតផលខោទឹកនោមកូនក្មេង។

ការកំណត់យកពន្ធថ្មីបន្ថែមរបស់អាមេរិច នឹងធ្វើឲ្យសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិច និងចិនកាន់តែក្តៅខ្លាំង។
វិធានការរបស់អាមេរិចគឺជាដំណាក់កាលដំបូង នៃគម្រោងរបស់ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ក្នុងការកំណត់ពន្ធ ១៥ភាគរយលើផលិតផលនាំចូលពីចិន ដែលមានតម្លៃជាទឹកប្រាក់ ៣០០ពាន់លានដុល្លារ សម្រាប់ចុងឆ្នាំនេះ។
ចិនបានធ្វើការសងសឹកវិញ ដោយបានបង្ហាញពីការកំណត់ពន្ធលើផលិតផលិប្រេងឆៅរបស់អាមេរិច ដែលនេះជាលើកដំបូងហើយដែល ចិនបានដាក់គោលដៅកំណត់ពន្ធលើផលិតផលប្រេង។
បើសិនជាការកំណត់ពន្ធនោះត្រូវបានអនុវត្តន៍ពេញលេញ មានន័យថា ផលិតផលនាំចូលពីចិនដែលមានតម្លៃជាទឹកប្រាក់ ៥៥០ពាន់លានដុល្លារនឹងជាប់ពន្ធ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន បានកំណត់យកពន្ធលើផលិតផលចិនដែលមានតម្លៃជាទឹកប្រាក់ ២៥០ពាន់លានដុល្លារហើយ ដើម្បីជាការដាក់សម្ពាធលើចិនឲ្យកែប្រែគោលនយោបាយរបស់ខ្លួលលើកម្មសិទ្ធិបញ្ញា ការឧបត្ថម្ភធនធានឧស្សាហកម្ម ការចូលទីផ្សារ និងបញ្ហាការបង្ខំឲ្យមានការផ្ទេរបច្ចេកវិទ្យាទៅដល់ក្រុមហ៊ុនចិន។
ទីក្រុងប៉េកាំងបានបដិសេធថា ខ្លួនបានជាប់ពាក់ព័ន្ធនឹងការអនុវត្តពាណិជ្ជកម្មមិនស្មើភាព និងបានធ្វើការសងសឹកអាមេរិចវិញ ដោយបានកំណត់ពន្ធលើផលិតផលនាំចូលពីអាមេរិច ដែលមានតម្លៃជាទឹកប្រាក់ ១១០ពាន់លានដុល្លារ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

