ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ខែកញ្ញានេះ បានសេចក្តីជូនដំណឹងលើការចត ឬឈប់រថយន្តដោយល្មើសនឹងស្លាកសញ្ញាហាមឃាត់ ជាពិសេសឡានរបស់អង្គភាពមួយចំនួនដូចជា ឡានដែលពាក់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋជាដើម ត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឡើយ កម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ នឹងធ្វើការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មើសនឹងស្លាកសញ្ញា យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យតាមច្បាប់កំណត់តែម្តង។
លោកស្នងការនគរបាលរាជធានីភ្នំពេញ ស ថេត បានថ្លែងថា ដោយប្រទេសជាតិទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនកាន់តែខ្លាំង ទទួលបានការជឿទុកចិត្តជាច្រើនពីសំណាក់អ្នកវិយោគទុនបរទេស ជាពិសេសកំណើនប្រជាពលរដ្ឋចូលមករស់នៅក្នុងរាជធានីភ្នំពេញកាន់តែច្រើនឡើង ក៏ដូចជាកំណើននៃការប្រើប្រាស់ ម៉ូតូ និងរថយន្ត នៅក្នុងរាជធានីភ្នំពេញ ដែលជាកត្តាចម្បងបណ្តាលឲ្យមានការកកស្ទះតាមបណ្តោយផ្លូវមួយចំនួន ហើយម្យ៉ាងវិញទៀតការកកស្ទះ ក៏បណ្តាលមកពីការឈប់ ឬក៏ចតរថយន្តដោយគ្មានសណ្តាប់ធ្នាប់ ជាពិសេសគឺឈប់ ឬចតនៅកន្លែងទីតាំងដែលមានស្លាកសញ្ញាហាមឃាត់។
លោកស្នងការ បានបន្ថែមថា ដូច្នេះដើម្បីជួយសហការក្នុងការកាត់បន្ថយការកកស្ទះ ក៏ដូចជាធ្វលឲ្យទីក្រុងមានសោភ័ណភាពល្អ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទមេត្តាជួយចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសឡានរបស់អង្គភាពមួយចំនួនដូចជា ឡានដែលពាក់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋជាដើម ត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឡើយ
ដើម្បីអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ នឹងធ្វើការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មើសនឹងស្លាកសញ្ញា យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យតាមច្បាប់កំណត់តែម្តង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់នឹងចូលរួមសហការ ដើម្បីជួយកាត់បន្ថយការកកស្ទះ ជាពិសេសធ្វើឲ្យទីក្រុងមានសណ្តាប់ធ្នាប់ល្អ៕ ដោយ៖កូឡាប