សមត្ថកិច្ចបានស្រាវជ្រាវ អស់រយ:ពេល៣ថ្ងៃ លុះដល់ថ្ងៃទី៤តុលា ឆ្នាំ២០១៧នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ មកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិ ក្នុងករណីប៉ុនប៉ងឃាតកម្ម កាប់លើយុវជនម្នាក់យ៉ាងព្រៃផ្សៃ កាលពីថ្ងៃ១ ខែតុកា ឆ្នាំ២០១៧វេលាម៉ោង១៩និង១០នាទីយប់ នៅចំណុចភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សល់ សុខឡាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ ។ជនសង្ស័យ២នាក់ ១-ឈ្មោះថុល សុខមាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកអង្គុញ ឃុំសៀមរាប មុខរបរនៅផ្ទះ(អ្នកកាប់ឃាត់ខ្លួន)។២-ឈ្មោះម៉ៅ ភារី ភេទប្រុស រស់នៅភូមិព្រែកអង្គុញ ឃុំសៀមរាប មុខរបរនៅផ្ទះ(អ្នកបើកម៉ូតូឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖កាំបិតបុ័ងតោពណ៌សដងដែក១-ម៉ូតូnext១គ្រឿងពណ៌ស ពាក់ស្លាកលេខកណ្តាល 1U-0437។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូជាមួយពូឈ្មោះលី សុខជឿន និងមីងឈ្មោះអ៊ឹម ធារី ដោយជនរងគ្រោះ នៅអង្គុយកណ្តាល មកទិញម្ហូបនៅភូមិជើព្រៃទី៣ ទិញរួចពេលត្រឡប់មកដល់ចំណុចពីខាងកើតភូមិជើងព្រៃទី៣ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូហូសបាន១០០ម៉ែត្រក៏បកត្រឡប់មកវិញ ហើយអែបគៀកជនរងគ្រោះបន្ទាប់ជនសង្ស័យឈ្មោះថុល សុខមាន ក៏ដកកាំបិតកាប់ទៅលើជនរងគ្រោះចំពីលើថ្ងាសបណ្តាលឲ្យរងរបួសជាទម្ងន់ហើយក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យទាំង២នាក់គេចខ្លួន តាមរយៈ ការស្រាវជ្រាវរបស់សមត្ថកិច្ច រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖សំណាង