ភ្នំពេញ: គណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចុះកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពជាមួយគ្នាឡើងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់។
ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃបានបដិសេធមិនទទួលស្គាល់ «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» រវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សក្រៅរដ្ឋាភិបាល។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន បានថ្លែងថា: ការចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនមែនជារឿងថ្មីនោះទេ ដោយគណបក្សទាំងពីរបានសហការគ្នាតាំងពីឆ្នាំ២០២៤ មកម្ល៉េះ។
លោកបន្តថា អ្វីដែលថ្មីនៅពេលនេះ គឺការចុះកិច្ចព្រមព្រៀងជាផ្លូវការឡើងវិញ ដើម្បីឱ្យស្របតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០២៥ និងច្បាប់ស្តីពីគណបក្សនយោបាយ។
គួរបញ្ជាក់ថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» រវាងគណបក្សក្រៅរដ្ឋាភិបាលចំនួន៤ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ត្រូវបានប្រកាសបង្កើតឡើងកាលពីចុងឆ្នាំ២០២៣។
ទោះជាយ៉ាងណា នៅឆ្នាំ២០២៦នេះ ក្រសួងមហាផ្ទៃបានប្រកាសមិនទទួលស្គាល់សម្ព័ន្ធភាពរវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរឡើយ។
ការណ៍នេះបាននាំឱ្យគណបក្សពាក់ព័ន្ធត្រូវរៀបចំកិច្ចព្រមព្រៀងសម្ព័ន្ធភាពឡើងវិញដោយឡែកពីគ្នា ដើម្បីឱ្យស្របតាមលក្ខខណ្ឌច្បាប់ និងបទប្បញ្ញត្តិជាធរមាន។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








