ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ សង្ស័យពាក់ព័ន្ធនឹងការដេញចាប់ជនសង្ស័យលួចប្រេង ៤កាន នៅស្រុកភ្នំស្រួច?

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិចិនម្នាក់ត្រូវបានជនសង្ស័យដកកាំភ្លើងខ្លីបាញ់ប្រហារចំនួនមួយគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជនរងគ្រោះព្យាយាមឃាត់ម៉ូតូរបស់ជនសង្ស័យដែលដឹកប្រេងចំនួន៤កាន។

ករណីនេះត្រូវបានសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើលួចប្រេង និងបង្កការភ្ញាក់ផ្អើលនៅស្រុកភ្នំស្រួច។

ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើផ្លូវលេខ១៤២ ស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូចំនួន២គ្រឿងធ្វើដំណើរតាមផ្លូវ ដោយមួយគ្រឿងជិះពីមុខ និងមួយគ្រឿងទៀតជិះតាមពីក្រោយ។

លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះជាជនជាតិចិនបានឈប់ម៉ូតូ និងស្ទុះទៅឃាត់ម៉ូតូរបស់ជនសង្ស័យ ដោយចាប់កន្ទុយម៉ូតូ បណ្តាលឱ្យជនសង្ស័យដួលធ្លាក់ចូលក្នុងប្រឡាយដែលមានភក់នៅអមផ្លូវ។

ប្រភពដដែលបានបន្តថា បន្តិចក្រោយមក ជនសង្ស័យបានងើបចេញពីប្រឡាយ រួចទាញកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក ចេញពីក្នុងកាបូបស្ពាយរបស់ខ្លួន បាញ់សំដៅទៅលើជនរងគ្រោះចំនួនមួយគ្រាប់ បណ្តាលឱ្យដួលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។

ក្រោយបាញ់សម្លាប់ជនរងគ្រោះ ជនសង្ស័យបានលើកប្រេងចំនួន៤កាន ដែលដឹកនៅលើម៉ូតូ ដាក់លើម៉ូតូវិញ រួចជិះគេចខ្លួនចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ បាត់ស្រមោល។

ក្រោយកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសព ដើម្បីប្រមូលភស្តុតាង កំណត់អត្តសញ្ញាណជនដៃដល់ និងបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម