Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុមអ្នកលេង​ ៣​នាក់​ បន្ទាប់ពី​បាន​ប្រើ​អំពើ​ហិង្សា​កាប់​លើ​ជនរងគ្រោះ​បណ្តាលអោយ​របួស ​២​នាក់​

បាត់ដំបង ​៖​ កម្លាំង​នគរបាល​ជំនាញ​ខេត្តបាត់ដំបង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុមអ្នកលេង​៣​នាក់​ បញ្ជូនទៅ​តុលាការ បន្ទាប់ពី​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាលអោយ​របួស​ចំនួន​២​នាក់​ ។​

លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​អោយដឹងថា ក្រោម​ការយកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សា​ធារ​ណៈ ពិសេស​នៅ​ថ្នាក់មូលដ្ឋាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី បាន​ជំរុញ​ដល់​កម្លាំង​ពាក់​ព​ន្ធ័​បើក​ការស្រាវជ្រាវ​បន្ទាន់​មួយ រហូត​កំណត់​មុខសញ្ញា ហើយ​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ក្នុងចំណោម​ជនបង្ក​ចំនួន​១១​នាក់​ផ្សេងទៀត​កំពុង​គេចខ្លួន និង​ត្រូវ​បន្ត​កំណត់​មុខសញ្ញា​បន្ថែមទៀត​ដើម្បី​នាំខ្លួន​មក​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់​។​

ជនសង្ស័យ​ចំនួន​៣​នាក់ រួមទាំង​បក្សពួក​ចំនួន​១១​នាក់​ខាងលើ កាលពី​ព្រលប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ បាន​ជិះ​ម៉ូតូ​សំឡឹង​មើលមុខ​ជនរងគ្រោះ​ដែលមាន​គ្នា​ចំនួន​៧​នាក់​កំពុង​អង្គុយលេង​ត្រង់ចំនុច​ផ្លូវ​ហាយវ៉េ ក្នុងភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ហើយ​ភ្លាមៗ​ក៏​ជនបង្ក​បាន​ស្ទុះ​ដកយក​ពូថៅ កាំបិត បំពង់​ទីប​កាប់ និង​វាយ​ផ្ទួនៗ​ទៅលើ​ជនរងគ្រោះ​អោយ​តដៃ​មិន​រួច​បណ្ដាលអោយ​រងរបួស​ធ្ងន់​ត្រូវបញ្ជូន​ទៅកាន់​នៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ ។​

ប្រភព​ខាងលើ​បាន​ប្រាប់អោយដឹង​ដែរ​ថា មុខសញ្ញា​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ មាស វិចិត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ឈ្មោះ​ពុធ សុវណ្ណ​រៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង និង​ម្នាក់ទៀត​ឈ្មោះ​ផល សុ​ផា ហៅ​ប៉ែត ភេទ​ប្រុស អាយុ ​២០​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ រីឯ​ជនរងគ្រោះ​ឈ្មោះ​ឃ​ត ឆា​ណុន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង រងរបួស​ត្រង់​ដៃស្ដាំ និង​​ឈ្មោះ​ជុំ ភក្ត្រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង រងរបួស​ត្រង់​ក្បាល​ផ្នែក​ខាងលើ​ ។​

ប្រតិបត្តិ​ការបង្ក្រាប​ក្នុងករណី​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​​កាំបិត​កែច្នៃ​ចំនួន​១​ដើម និង​កូន​ពូថៅ​ចំនួន​១​ដើម​ផងដែរ ។ ករណី​ខាងដើម​កម្លាំង​ការិយាល័យ​ជំនាញ​បានរៀបចំ​សំណុំបែបបទ​បញ្ជូន​វត្ថុតាង និង​ជនសង្ស័យ​ទៅកាន់​តុលាកា​នៅ​ថ្ងៃទី​៣ ខែកញ្ញា​កន្លងមកនេះ​៕ ដោយ​ ៖ ​កូ​ឡាប​

×