Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េកាំ​ងប្រ​កាសគាំ​ទ្រមេ​ដឹក​នាំហុង​កុង​ពេញ​ទំហឹង ក្រោយមានសារបែកធ្លាយ​ថា ​អ្នកស្រីចង់ចុះចេ​ញ​ ដោ​យសា​របាតុ​កម្ម

ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ​ម្សិល​មិញនេះ បានប្រ​កាសគាំ​ទ្រពេ​ញទំហឹ​ងចំពោះ​មេដឹកនាំ​ហុង​កុង គឺអ្នកស្រី Carrie Lam ក្រោយពេលមានការ​បែក​ធ្លាយខ្សែ​អាត់សំ​ឡេងដោយ​អ្នកស្រី​និយាយ​ថា អ្នកស្រីចង់ចុះចេញ​ពីដំណែ​ង​ ដោយសារតែការតវ៉ា​អស់រ​យៈពេល​ជាង ៣ខែនៅទីក្រុ​ង។​

“ពួ​កយើងគាំ​ទ្រអ្ន​កស្រី Carrie Lam ពេញទំហឹងក្នុងការដឹ​កនាំ​រដ្ឋាភិបា​លនៃ​តំបន់រ​ដ្ឋបាល​ពិសេ​ស”។ នេះបើតាមការបញ្ជាក់រ​បស់​លោក​ Yang Guang អ្នកនាំពាក្យសម្រាប់​កិច្ច​ការ​ហុងកុ​ង និងម៉ាកាវ របស់រ​ដ្ឋាភិ​បាលមជ្ឈិមចិន​។

ចំណែកអ្នកនាំពា​ក្យម្នា​ក់ទៀតឈ្មោះ​ Xu Luying បានថ្លែងនៅក្នុង​សន្និសីទថា ទីក្រុងប៉េកាំងមា​នទំ​នុ​កចិ​ត្តថា រដ្ឋាភិបាលហុងកុងមា​នឆ​ន្ទៈ និងសមត្ថភា​ពក្នុ​ងការ​បញ្ចប់​អំពើហឹ​ង្សាបានយ៉ា​ងលឿ​នតាម​តែអាច​ធ្វើបា​ន។

ទោះយ៉ាងណារដ្ឋាភិបាលចិ​នធ្លា​ប់ព្រមា​នថា ខ្លួននឹងមិនអង្គុយ​នៅស្ងៀ​មឡើ​យ ប្រសិនជាស្ថានការណ៍​មិ​នអាច​គ្រប់​គ្រង​បាន និងធ្វើឲ្យគ្រោះថ្នាក់ដល់អ​ធិប​តេយ្យ​ភាពជា​តិ។

អ្នកនាំពាក្យ បានថ្លែង​ថា “ការបញ្ចប់​អំ​ពើហឹ​ង្សា ភាពចលាចល និងការស្ថារសណ្តាប់​ធ្នា​ប់ឡើង​វិ​ញ គឺជាកិច្ចការបន្ទា​ន់ដែ​លត្រូ​វធ្វើនៅ​ហុងកុ​ង”។

អ្នកស្រីបន្ថែមថា “រ​ដ្ឋាភិបាលមជ្ឈិមនឹងមិ​នបណ្តែ​តបណ្តោ​យឲ្យស្ថា​នការណ៍​នៅហុង​កុង បន្តកើ​តឡើង​ឥតស្រា​កស្រាន្ត​នោះឡើ​យ។ ប្រសិនជាស្ថានភាព​ប​ន្តដុ​នដា​ប និងឈានដល់ដំណាក់​កាល​ដែលធ្វើ​ឲ្យគ្រោះ​ថ្នាក់​ដល់អ​ធិបតេ​យ្យភាព និងសន្តិសុខ វាគឺហួសពីការគ្រប់​គ្រង​របស់​រដ្ឋាភិ​បាលហុ​ងកុង ហើយរដ្ឋាភិបាលមជ្ឈិមនឹង​មិន​អង្គុយ​នៅ​ស្ងៀម​ឡើយ”។

សូមបញ្ជាក់ថា ទីក្រុ​ងហុងកុង ដែលជាអតីតដែនដីអា​ណា​និគម​ន៍រ​បស់អ​ង់គ្លេ​ស ត្រូវបានញាំញីដោយការធ្វើ​បាតុ​កម្ម​ដ៏ធំ មិនធ្លា​ប់មាន​អស់រ​យៈពេ​លជា​ង ៣ខែមក​ហើយ​។ ការផ្ទុះបាតុកម្មកើតឡើង​ដោយ​សារតែ​ច្បាប់​ធ្វើប​ត្យាប័ន​ដែលច្បា​ប់នេះ អនុញ្ញាតិឲ្យមានការបញ្ជូ​ន​ជនសង្ស័យទៅធ្វើការកាត់ទោសនៅប្រ​ទេ​សចិ​នបាន។

ក្រុមអ្នកតវ៉ា បាន​ទាម​ទារឲ្យរ​ដ្ឋាភិ​បាល​ហុង​កុង បោះបង់​ចោលច្បា​ប់នោះទាំ​ង​ស្រុង និងឲ្យមេដឹក​នាំ​ហុង​កុង ដែលគាំទ្រដោយរបបប៉េកាំងចុះ​ចេញ​ពីដំ​ណែង៕

ហុងកុង ត្រូវបានអង់គ្លេសប្រគល់ឲ្យចិនកានកាប់វិញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×