ខេត្តព្រះសីហនុ៖ ស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺភ្លៀង ខ្យល់បោកបក់ និងរលកសមុទ្រកំពុងបោកបកមកខ្លាំង នៅលើលម្ហសមុទ្រ។
ផ្តើមពីបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្លូវសមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពធាតុអាកាសភ្លៀង ខ្យល់ដូច ដែលក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងអំពីឥទ្ធិពលព្យុះទី១៤ ឈ្មោះ Kajiki ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពជំនាញឃ្លាំមើលជាប្រចាំ នៅតាមឆ្នេរសមុទ្រ ឲ្យប្រចាំការត្រួតពិនិត្យសុវត្ថិភាព ទូកទេសចរណ៍ឱ្យបានត្រឹមត្រូវ មុនចេញដំណើរតាមសមុទ្រ។
លោក គួច ចំរើន បន្តថា ក្នុងករណីចាំបាច់មានភ្លៀង ខ្យល់ និងរលកខ្លាំង កុំឲ្យមានអ្នកចុះលេងទឹកសមុទ្រ និងកុំឲ្យយទូកនេសាទឬទូកដឹកភ្ញៀវទេសចរចេញទៅក្នុងលម្ហសមុទ្រ ដើម្បីការពារហានិភ័យផ្សេងៗ ព្រមទាំងត្រៀមមធ្យោបាយផ្លូវទឹក និង កម្លាំងល្បាតសម្រាប់ការជួយសង្គ្រោះពលរដ្ឋ នៅពេលជួបគ្រោះណាមួយ នៅលើលម្ហសមុទ្រកើតឡើង។
គួររំលឹកថា ប្រទេសកម្ពុជា បានរងឥទ្ធិពលពីព្យុះចំនួន២ ព្រមជាមួយសម្ពាធទាប និងខ្យល់មូសុង ធ្វើឲ្យមានភ្លៀងធ្លាក់គ្របដណ្តប់ពេញផ្ទៃប្រទេស។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ព្រមទាំងព្យុះចំនួន២ ដែលកំពុងកើតឡើងនៅខាងកើតប្រទេសហ្វីលីពីន និងសមុទ្រចិនខាងត្បូង ដែលវានឹងធ្វើឲ្យប្រទេសកម្ពុជា មានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស។
ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ជួរភ្នំដងរ៉ែក និងខ្ពង់រាបឦសាន ជាប់ប្រទេសវៀតណាម បន្តមានភ្លៀងធ្លាក់ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ក្នុងនោះមានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។
សម្រាប់បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នៅក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ បន្តមានភ្លៀងនៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន ហើយនៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង។
ដោយឡែកបណ្តាខេត្តប៉ែកខាងក្រោម អាចនឹងមានភ្លៀងពីតិចទៅមធ្យម។
ជាមួយស្ថានភាពបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្របោកបង់ខ្លាំង៕ ដោយ៖ ដែន សីមា