ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៤ កញ្ញា នេះ លោកឧត្តមសេនីយទោ អ៊ុច សុខុន ស្នងការខេត្ត បានសម្រេចចេញលិខិតបង្គាប់ការ ផ្អាកការងារលោកមេប៉ុស្ដិ៍ឃុំស្តៅ ជាបណ្ដោះអាសន្នហើយ ដើម្បីរង់ចាំការសម្រេចជាថ្មីរបស់ថ្នាក់លើ ។
សូមរំលឹកថា ៖ ប្រជាពលរដ្ឋ ២ភូមិផ្ដិតមេដៃប្ដឹងលោកមេប៉ុស្ដិ៍ឃុំស្ដៅ ដោះដោះលែងតៃកុងឡានដែលបើកបុកមនុស្សស្លាប់ និងរបួស។ លិខិតបង្គាប់ការរបស់លោកស្នងការខេត្ត មានលេខ៤៧ លបក.នប ចុះថ្ងៃទី០៤ កញ្ញា ២០១៩ និងហត្ថលេខា លោកឧត្តមសេនីយទោ អ៊ុច សុខុន ស្នងការខេត្ត បាត់ដំបង បានសម្រេចលើ៣ប្រការ គឺប្រការ១-ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក រ៉ាំ រិត អត្តលេខ ១៩៨៦២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដោយមូលហេតុអនុវត្តការងារខុសនីតិវិធី។ ប្រការ២-សាមីខ្លួនត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ។ ប្រការ៣-លោកស្នងការរងផែនការងារធនធានមនុស្ស លោក នាយការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុករតនមណ្ឌល អង្គភាពពាក់ព័ន្ធ និងលោកអនុ សេនីយ៍ឯក រ៉ាំ រិត ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក រ៉ាំ រិត នាយប៉ុស្ដិ៍រដ្ឋបាលស្ដៅនៃអធិការស្រុករតនមណ្ឌល ត្រូវបានប្រជាពលរដ្ឋរាប់រយនាក់ មកពីភូមិចំនួន២ ក្នុងឃុំរស្មីសង្ហា នាំគ្នាផ្ដិតមេដៃប្ដឹងទៅកាន់សម្ដេចក្រឡា ហោម ស ខេង និងសម្ដេចតេជោ ហ៊ុន សែន សុំឲ្យសម្ដេចទាំង២ ជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ ចំពោះលោករ៉ាំ រិត ដែលបានដោះលែងអ្នកបើកបររថយន្តដឹកដី ដែលបានបើកបុកសិស្សសាលាស្លាប់ ម្នាក់ និនិងរបួសនិងរបួសចំនួន២នាក់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៤ សីហា កន្លងទៅថ្មីៗនេះ នៅលើកំណាត់ផ្លូវមួយកន្លែង ក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល។ម្ចាស់ស្នាមមេដៃរាប់រយនាក់ រួមទាំងក្រុមគ្រួសារជនរងគ្រោះទាំង៣នាក់ផង បានចង្អុលមុខចំៗទៅលើលោកមេប៉ុស្ដិ៍រូបនេះថា បានដោះលែងអ្នកបើកបររថយន្តបង្ក នាប៉ុន្មានក្រោយពីអ្នកភូមិតាមស្ទាក់ចាប់បានទាំងរថយន្ត ទាំងអ្នកបើកបរប្រគល់ឲ្យលោកមេប៉ុស្ដិ៍ភ្លាមៗ។ ប៉ុន្តែមេប៉ុស្តិ៍ស្ដៅ គឺលោករ៉ាំ រិត បានឆ្លើយបដិសេធចំពោះការចោទប្រកាន់នេះ នៅពេលមន្ត្រីការិយាល័យចរាចរណ៍ខេត្តអញ្ជើញលោកមកបំភ្លឺ។ លោករ៉ាំ រិត បាននិយាយថា លោកមិនបានឃើញអ្នកបើកបររថយន្តបង្កទេ ពេលដែលអ្នកភូមិស្ទាក់ចាប់បានរថយន្ត តែបានឃើញរថយន្តបង្ក ៕ ដោយ ៖ បញ្ញាស័ក្ដិ