Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារ​លក់ដូរ​សត្វ​ស្លាប​ព្រៃ ងើបឡើង​វិញ នៅ​បឹង​ទន្លេសាប​

បាត់ដំបង ​៖​ សត្វ​ស្លាប​ប្រភេទ​កម្រ​នៅក្នុង​តំបន់​អភិរក្ស​បឹង​ទន្លេសាប​មាន​ចំនួន​កើនឡើង ប៉ុន្តែ​ទីផ្សារ​លក់ដូរ​សត្វព្រៃ​( ស្លាប ) ក្បែរ​ក្រុង​បាត់ដំបង​មាន​ភាព​មមាញឹក និង​បាន​កំរើក​ងើបឡើង​វិញ ។​

ប្រភពព័ត៌មាន​ពី​សំណាក់​ប្រជាពលរដ្ឋ​អ្នកមាន​គំនិត​ថែរក្សា​ធនធានធម្មជាតិ​បាន​លើកឡើងថា បច្ចុប្បន្ន​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​សង្កេតឃើញ​មាន​ក្រុម​ឈ្មួញ​មួយចំនួន​តូច​កំពុង​ពង្រីក​សេវា​ផ្គត់ផ្គង់ ចែកចាយ និង​បាន​ពង្រីក​តូប​ដាក់លក់​សត្វ​ស្លាប​ព្រៃ​ជា​បន្តបន្ទាប់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំនុច​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​មុខរបរ​ខាងលើនេះ​បាន​បង្ក​ការប៉ះពាល់់​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ទៅៗ​នូវ​ប្រភេទ​សត្វ​ស្លាប​មួយចំនួន​ដូចជា​សត្វ​ស្លាប​ប្រភេទ​ក្លុំ កុកក្រក សត្វ​ដុំ​ដុ​រ​សំពៅ ដុំ​ដុ​រ​ធម្មតា សត្វ​សំបក​ត្រពាំង ប្រវឹក និង​សត្វ​ទាព្រៃ​ជាដើម​។​

ប្រភព​មួយ​ផ្សេងទៀត​ដែល​រស់នៅ​ក្បែរ​ភូមិសាស្ត្រ​ខាងលើ​បាន​បង្ហើប​អោយដឹង​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែង​សង្កេតឃើញ​មានការ​ដាក់តាំង​លក់​សត្វ​ស្លាប​ច្រើន​ប្រភេទ​យ៉ាង​សន្ធឹកសន្ធាប់​ពេញៗ​តូប ដែល​ខ្លះ​ត្រូវបាន​គេ​ចំអិន​ស្រាប់ និង​ខ្លះទៀត​ត្រូវបាន​គេ​ដាក់លក់​ស្រស់ៗ​នៅតាម​តូប​ជាច្រើន​តាម​ដងផ្លូវ​ដោយ​មិនមាន​ការបង្ក្រាប​ទប់ស្កាត់ ស្រប​ពេលដែល​មន្ត្រី​ជំនាញ​ធ្លាប់បាន​បញ្ជាក់ថា​ឆ្នាំនេះ​សត្វ​ស្លាប​គ្រប់​ប្រភេទ​នៅ​តំបន់​អភិរក្ស​ដែន​បឹង​ទន្លេសាប​មានការ​កើនឡើង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​គួរអោយ​គាត់​សម្គាល់​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ។​

ពាក់ព័ន្ធ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដែល​កំពុង​ត្រូវបាន​គេ​ចរាចរ​លក់ដូ​រ​នៅលើ​ទីផ្សារ​ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង​នេះ​លោក ពិត ភារ​ក្ស នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង​បាន​បញ្ជាក់ថា កន្លងមក​មន្ត្រី​ជំនាញ​បានធ្វើការ​ទប់ស្កាត់​ជា​បន្ត​បន្ទាប់មក​ដែរ ព្រមទាំង​បាន​ឃាត់ខ្លួន​ម្ចាស់​តូប​អ្នក​ដាក់តាំង​លក់​មក​សាកសួរ​ធ្វើ​កិច្ចសន្យា​អោយ​ប​ញ្ឍ​ប់​ដែរ ក៏ដូចជា​សាកសួរ​រក​ប្រភព​អ្នករុករក​សត្វ​ស្លាប​ព្រៃ​ដោយផ្ទាល់​ពី​ក្នុងព្រៃ​ថែម​ទៀតផង លោក​នឹង​ចាត់​មន្ត្រី​របស់លោក​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​សារជាថ្មី​ទៀត​។​

ទោះបីជា​បែបនេះ​ក្តី​ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​វិធានការ​ទប់ស្កាត់​អោយបាន​ទាន់ពេលវេលា​ពុំ​នោះទេ​សត្វ​ស្លាប​ដែលជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ខ្លះ​និង​ត្រូវ​វិនាស​បាត់បង់​ជាក់​ជាមិនខាន​៕ ​ដោយ​៖​កូ​ឡាប​

×