សៀមរាប៖ កម្លាំងនគរបាលប៉ុស្តិ៍ និងបងប្អូនប្រជាការពារសង្កាត់សៀមរាប បានបង្ក្រាប និងទប់ស្កាត់ បទល្មើសដាក់មងហោះ ចាប់សត្វស្លាប គ្រប់ប្រភេទ នៅចំណុចភូមិភ្នំក្រោម ដោយរុះរើរឹបអូសទីតាំងដាក់មង ចាប់សត្វស្លាប បានចំនួន៩កន្លែង ប្រវែង៤៥០ម៉ែត្រ។
បើតាមការផ្សាយរបស់ផេកហ្វេសបុក យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងគណ:បញ្ជាការឯកភាពសង្កាត់សៀមរាប រួមមានកម្លាំងនគរបាលប៉ុស្តិ៍ និងបងប្អូនប្រជាការពារ ដឹកនាំដោយលោកម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប ដោយមានការឯកភាពពី លោកនួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ក៏ដូចជាដើម្បីរួមចំណែកអភិរក្ស សត្វស្លាបគ្រប់ប្រភេទផងនោះ នៅព្រឹកទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានធ្វើការ បង្ក្រាប និងទប់ស្កាត់ បទល្មើសដាក់មងហោះ ចាប់សត្វស្លាប គ្រប់ប្រភេទ នៅចំណុចភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ។
ប្រភពដដែលបានបន្តថា ជាលទ្ធផលនៃប្រតិបត្តិការនេះ កងកម្លាំងសមត្ថកិច្ចបានធ្វើការណែនាំនិងរុះរើទីតាំងដាក់មង ចាប់សត្វស្លាប បានចំនួន៩កន្លែង។ រឹបអូសយកឧបករណ៍ (មង) ចំនួន៩ខ្សែ ស្មើនឹងប្រវែង៤៥០ម៉ែត្រ។
បច្ចុប្បន្នមងចាប់សត្វស្លាប ខាងលើត្រូវបានយកមក រក្សាទុកនៅសាលាសង្កាត់សៀមរាប ៕ ដោយ៖បញ្ញាស័ក្តិ