ភ្នំពេញ : បុរសជនជាតិវៀតណាម៤នាក់ មិនដឹងមូលហេតុអ្វី រត់ចូលក្នុងឱសថស្ថានចាក់សោទ្វារ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ និងប្រជាពលរដ្ឋចោមរោមមើលឃាត់ជនសង្ស័យ យកទៅរដ្ឋបាលប៉ុស្តិ៍ ហេតុការណ៍នេះកើតហេតុ កាលវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១៩ នៅចំណុចឱសថស្ថានពេជ្រសទ្ធារី តាមផ្លូវ២៨៦ ស្ថិតនៅភូមិ២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ។
សមត្ថកិច្ចបានឲ្យដឹងថា បុរស ឈ្មោះ ង្វៀង ហ័ងងុកហឿង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅប្រទេសវៀតណាម មុនកើតហេតុមកលេងបងប្អូននៅភ្នំពេញ ហើយព្រឹកថ្ងៃកើតហតុ ត្រូវឡើងរថយន្តក្រុងទៅវិញ តែមិដឹងមូលហេតុអ្វី ក៏រត់ចូលផ្ទះលក់ថ្នាំពេទ្យ រួចយកមេសោផ្ទះចាក់ ទើបមានការស្រែកពីក្នុងផ្ទះឲ្យបងប្អូនប្រជាពលរដ្ឋជួយ ហើយក៏សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ដោយឃាត់បុរសជនជាតិវៀតណាម ទាំង៤នាក់ យកមកស្នាក់ការប៉ុស្តិ៍អូឡាំពិកដើម្បីសាកសួរនាំ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះ យោងតាមអ្នកបកប្រែភាសា ក្រុមគ្រួសារខាងបុរសជនជាតិវៀតណាមថា បុរសដែលរត់ចូលផ្ទះលក់ថ្នាំពេទ្យ គឺមានជំងឺសរសៃប្រសាទ ហើយសមត្ថកិច្ចក៏ធ្វើតេស្តទឹកនោមបុរសនោះ ក៏គ្មានរកឃើញសារធាតុញៀដែរ និងខាងបុរសជាម្ចាស់ផ្ទះ មិនបានប្ដឹងដែរ គ្រាន់តែស្នើឲ្យសមត្ថកិច្ចធ្វើការអប់រំ ហើយនិងហៅក្រុមគ្រួសារ មកធានាយកត្រឡប់ទៅវិញ ហើយក៏បញ្ចប់រឿងនៅនគរបាលប៉ុស្តិ៍អូឡាំពិកតែម្ដង ៕ ដោយ៖កូឡាប