បាត់ដំបង៖ រថយន្តដឹកឈើប្រភេទឡើងភ្នំ ចុះចំណោតបាកុង ( អារ៉ែង) ដែលសមត្ថកិច្ចដកហូតក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ លើដែនដីស្រុកសំឡូត មានប្រភពជាច្រើនបានដាក់ការសង្ស័យថា គ្រប់គ្រងដោយក្រុមហ៊ុនរ័ត្ន សម្បត្តិ។
ក្រោយកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើរយៈពេល២ថ្ងៃ លើដែនដីស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជាមេមញ្ជាការ បានរុករកឃើញជាបន្តបន្ទាប់នូវរថយន្តកែច្នៃបាកុង ( អារ៉ែង ) ដែលជនល្មើសលាក់ទុក នៅក្នុងព្រៃជ្រៅសរុបចំនួន១០គ្រឿង នៅក្នុងភូមិសាស្ត្រ ឃុំស៊ុង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
ជាផ្លូវការវត្ថុតាងល្មើសដែលបម្រើដល់ការបំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃឈើ ផ្ទុយពីច្បាប់អនុញ្ញាត ចាប់តាំងពីបើកយុទ្ធនាការថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ មកទល់រសៀលថ្ងៃទី៦ នេះមានសភាពស្ងៀមស្ងាត់ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ឲ្យបានច្បាស់លាស់ពីការស្រាវជ្រាវរកមុខសញ្ញាជនល្មើសឡើយ ប៉ុន្តែទោះជាបែបនេះ ក្តីតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានប្រព្រឹត្តបទល្មើស បានបង្ហើបពីមាត់មួយ ទៅមួយឲ្យដឹងថា រថយន្តបាកុង ដែលដកហូតពីយុទ្ធនាការបង្ក្រាបទាំង១០គ្រឿងខាងលើ ត្រូវបានគេដាក់សង្ស័យថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន រ័ត្ន សម្បត្តិ ដែលទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ក្នុងទីតាំងស្រុកសំឡូត ខេត្តបាត់ដំបង ។
ប្រភពក្រៅផ្លូវការមួយផ្សេងទៀតបានបញ្ជាក់ដែរថា រថយន្តដែលកម្លាំងបង្ក្រាបដកហូតបានពីក្នុងព្រៃទាំងអស់១០គ្រឿង ជារថយន្តដែលនៅសេសសល់ពីការរំដោះនាំចេញមិនទាន់ ក្នុងចំណោមរថយន្តបាកុងច្រើនជាង៣០គ្រឿងផ្សេងទៀត ដែលរថយន្តទាំងនេះ ត្រូវបានក្រុមហ៊ុនយកចេញចាប់តាំងពីខែកក្កដាមក។
ជុំវិញករណីខាងលើនេះគេហទំព័រCEN មិនអាចសុំការបំភ្លឺពីភាគីក្រុមហ៊ុន រ័ត្ន សម្បត្តិ បានឡើយ ដោយសារមិនមានមធ្យោបាយទាក់ទង ។ ដូចគ្នាដែរចំពោះ ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេមញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្នុងនាមថ្នាក់ដឹកនាំកម្លាំងបង្ក្រាបផ្ទាល់ ក៏មិនអាចសុំសេចក្តីបញ្ជាក់បានដែរ នៅរសៀលថ្ងៃទី៦ ខែកញ្ញានេះ ព្រោះទូរសព្ទ័ជាប់រវល់រហូត។ ជុំវិញចម្ងល់មហាជនចង់ដឹងពីចំណាត់ការ លើរថយន្តបាកុងត្រូវសមត្ថកិច្ចដុតបំផ្លាញចោល ឬត្រូវរក្សាទុកកែច្នៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងបញ្ហាចំពោះមុខសំខាន់មួយទៀត ពីការស្រាវជ្រាវរកមុខសញ្ញាល្មើសបំផ្លាញព្រៃឈើ ពីព្រៃក្រាស់មកទីវាលល្វឹងល្វើយ។
ចំណែកព័ត៌មានថ្មីចុងក្រោយពីជួរកម្លាំងយោធភូមិភាគទី៥ នៅរសៀលថ្ងៃដដែលនេះ បានបញ្ជាក់ថា រថយន្តបាកុង ដែលរឹបអូសបានខាងលើគ្រប់គ្រងដោយក្រុមហ៊ុន រ័ត្ន សម្បត្តិ បច្ចុប្បន្នកម្លាំងនិងមន្ត្រីពាក់ព័ន្ធ កំពុងប្រមូលយកទុកដាក់នៅលើមូលដ្ឋាន របស់ក្រុមហ៊ុនរង់ចាំបទបញ្ជាពីថ្នាក់លើ ដើម្បីមានចំណាត់ការ៕ដោយ៖កូឡាប