ខេត្តស្ទឹងត្រែង ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខ ពិនិត្យសុខភាព ព្យាបាលជំងឺ និងចែកមុងជ្រលក់ថ្នាំ កញ្ចប់អនាម័យគ្រួសារ និងសម្ភារ:ចាំបាច់មួយចំនួនជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង ។
ឆ្លើយតបជាបន្ទាន់ទៅនឹងគ្រោះទឹកជំនន់ដែលបាននិងកំពុងកើតមានឡើងនៅខេត្តស្ទឹងត្រែង និងដោយត្រងត្រាប់អនុវត្តន៌ខ្ជាប់ខ្ជួនតាមអនុសាសន៌ដ៏ខ្ពង់ខ្ពស់បំផុតនិងការណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការជួយអន្តរាគមន៍ជួយដល់ប្រជាលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់បញ្ជូនឱសថ សម្ភារ:បរិក្ខាពេទ្យ ថ្នាំប្រឆាំងពិសពស់ និងកញ្ចប់អនាម័យសម្រាប់គ្រួសារ ផ្គត់ផ្គង់ជូនដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងជាបន្ទាន់នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៩។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារនិងក្រុមគ្រូពេទ្យចុះពិនិត្យស្ថានភាពផ្ទាល់ព្រមទាំងជួយពិនិត្យព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តស្ទឹងត្រែង នាថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានវត្តមានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អៃឡាង (Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងមន្ត្រីជាច្រើនរូប បានរួមដំណើរជាមួយលោកសាស្ត្រចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ ដើម្បីចូលរួមចំណែកជួយដល់កិច្ចការបច្ចេកទេសរួមគ្នាក្នុងការឆ្លើយតបលើបញ្ហាសុខភាពប្រជាពលរដ្ឋដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែង។ លោករដ្ឋមន្ត្រី បាននាំយកទៅជាមួយនូវ ឱសថ ២៤មុខ, សេរ៉ូម ៥មុខ, សេរ៉ូមប្រឆាំងពិសពស់ ២មុខ, បរិក្ខារពេទ្យ ១២មុខ, និងកញ្ចប់អនាម័យគ្រួសារ៥មុខ ចំនួន ៣០០ កញ្ចប់ ដែលមានទំងន់ ២៦០ គីឡូក្រាម ដែលសម្ភារ: បរិក្ខាពេទ្យ ឱសថ សេរ៉ូមប្រឆាំងពិសពស់ និងកញ្ចប់អនាម័យគ្រួសារទាំងអស់សរុបចំនួន ៩៨៨គីឡូក្រាម ព្រមទាំងមុងជ្រលក់ថ្នាំចំនួន២០០០មុង និងសៀវភៅអប់រំសុខភាពចំនួន៦០០ក្បាល បានជូនដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងរួចហើយៗកំពុងប្រើប្រាស់ពិនិត្យព្យាបាលជំងឺនិងសម្ភារ:មួយចំនួនព្រមទាំងសៀវភៅអប់រំសុខភាពចំនួន៦០០ក្បាល ក៏បានចែកជូនដល់បងប្អូនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ក្នុងស្រុកសៀមបូកនិងស្រុកសៀមប៉ាងនៃខេត្តស្ទឹងត្រែង។
ប្រជាជនរងគ្រោះដោយទឹកជំនន់នៅទីទួលសុវត្ថិភាពក្នុងបរិវេណអនុវិទ្យាល័យអូរស្វាយ ភូមិអូរស្វាយ ឃុំអូស្វាយ ស្រុកបូរីអូស្វាយសែនជ័យ មាន ៣៧០ គ្រួសារ និងទីទួលសុត្ថិភាពស្រៃក្រសាំង ភូមិស្រែក្រសាំង ឃុំស្រែក្រាំង ស្រុកសៀមបូកមាន ៤៧០ គ្រួសារ ដែលក្នុងនោះមានប្រជាជនប្រមាណ៧០០នាក់ទទួលបានការពិនិត្យព្យាបាលជំងឺពីក្រុមគ្រូពេទ្យដែលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយមុងជ្រលក់ថ្នាំ ថ្នាំគ្លរ៉ាមីនឫគ្លរីន កញ្ចប់អនាម័យគ្រួសារនិងសៀវភៅអប់រំសុខភាព ក៏បានចែកជូនដល់ប្រជាជននៅតាមទីទួលសុវត្ថិភាពទាំង២ខាងលើ ដោយលោករដ្ឋមន្ត្រីផ្ទាល់ផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានពាំនាំការនឹករលឹកនិងសាកសួរសុខទុក្ខប្រកបដោយក្តីអាណិតអាសូរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទាំងអស់ និងបានក្រើនរំលឹកសារជាថ្មីម្តងទៀតនិងបានណែនាំឲ្យប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្នខ្លាចកូនចៅលង់ទឹក ពិសេសកុមារតូចៗ យកចិត្តទុកដាក់ថែទាំសុខភាព បង្ការនូវជំងឺឆ្លងដូចជារាករូស រលាកផ្លូវដង្ហើម គ្រុនឈាម គ្រុនចាញ់ របួសដៃជើង និងពស់ចឹក ជាដើម។ ស្ត្រីមានគ៌រ ត្រូវពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ កុមារត្រូវទៅទទួលវ៉ាក់សាំងបង្ការជំងឺតាមកាលកំណត់របស់គ្រូពេទ្យជាចាំបាច់ សម្រាន្តក្នុងមុងជាប្រចាំ អនាម័យខ្លួនប្រាណនិងឧស្សាហ៍លាងដៃនឹងសាប៊ូ រក្សាអនាម័យចំណីអាហារឲ្យបានល្អដើម្បីការពារកុំឲ្យមានជំងឺតម្កាត់ផ្សេងៗ និងការពុលចំណីអាហារផងដែរ។ ត្រូវយកចិត្តទុកដាក់លើក្រុមគ្រួសារ ពិសេសសុខភាពក្មេងតូចៗ ជនចាស់ជរា និងត្រូវប្រុងប្រយ័ត្នក្រែងពស់ចឹក និងក្រែងមានលង់ទឹកជាចាំបាច់។
ក្រសួងសុខាភិបាលតាមរយ:មន្ទីរសុខាភិបាលខេត្តទាំងអស់បាននិងកំពុងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខភាពជូនដល់បងប្អូនដែលមានបញ្ហាសុខភាពគ្រប់ពេលវេលា។ បើមានបញ្ហាសុខភាព សូមប្រញាប់ស្វែងរកការពិនិត្យនិងព្យាបាលនៅតាមមណ្ឌលសុខភាព ឫមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នកបំផុត៕ ដោយ៖កូឡាប