ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះមកធ្វើការត្រួតពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែង ដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅក្នុងភូមិរនះ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ការចុះមកធ្វើការត្រួតពិនិត្យលើទីតាំងខាងលើនេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ធ្វើយ៉ាងណា កុំឲ្យច្រាំងទន្លខាងលើ មានការបាក់ស្រុតបន្តទៀត។
លោកឃួង ស្រេង ក្នុងឱកាសនោះ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញ ដែលចុះមកដល់ទីតាំងនេះ ធ្វើយ៉ាងណាដាក់បាវខ្សាច់ ជាមួយនឹងថ្មទម្លាក់ចូលទៅក្នុងច្រាំងទន្លេ ដែលបាក់ស្រុត ដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត។
បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់កោះដាច់ បានឲ្យដឹងថា ច្រាំងទន្លេដែលទទួលរងការបាក់ស្រុតនេះ បានកើតឡើងប្រមាណជាពីរទៅបីថ្ងៃមកហើយ ពោលគឺខណៈដែលជំនន់ទឹកទន្លេ បានហក់ឡើងយ៉ាងជង្ហុកនារយៈពេលប៉ុន្មានថ្ងៃនេះ ហើយទំហំនៃការបាក់ស្រុតនេះ មានប្រវែងប្រមាណ២០ម៉ែត្រ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ជាជំហាន ដែលយើងត្រូវអនុវត្តនេះ គឺយើងចាប់ផ្ដើមធ្វើការបោះបង្គោលទប់ដី កុំឲ្យហូរទៅបាតទន្លេ រួមនឹងការចាក់ថ្ម ដាក់បាវខ្សាច់ចូលទីកន្លែងដែលបាក់ស្រុតនេះ ជាមួយនិងការបញ្ជូនស្រឡាងមួយគ្រឿង ដើម្បីដាក់ខ្សាច់មកចាក់នៅទីតាំងខាងលើនេះផងដែរ សំដៅធ្វើយ៉ាងណាកុំឲ្យមានការបាក់ច្រាំងបន្តទៀត ដោយសារតែច្រាំងទន្លេនេះ នៅជាប់នឹងផ្លូវបេតុង របស់ប្រជាពលរដ្ឋនៅក្នុងភូមិនេះតែម្ដង។ អ្វីដែលជាគោលការណ៍ខាងមុខ នៅពេលទឹកស្រក រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការបុកស៊ីផាយ នៅទីតាំងខាងលើនេះបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់នូវការបាក់ស្រុតច្រាំងទន្លេនេះ នៅឆ្នាំក្រោយៗទៀត។
ពាក់ព័ន្ធនិងការបម្រើសេវាជូនប្រជាពលរដ្ឋខាងលើនេះ លោកឃួង ស្រេង តាមដាន និងបញ្ជាផ្ទាល់នៅទីតាំងកើតហេតុជាច្រើនម៉ោង ដើម្បីឲ្យការទប់ច្រាំងទន្លេនេះទទួលបានជោគជ័យ បំបាត់នូវភាព ភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានសង្កាត់កោះដាច់នេះ។
ក្រោយពីចុះធ្វើការត្រួតពិនិត្យទីតាំងច្រាំងទន្លេនៅក្នុងភូមិរនះ ក្នុងសង្កាត់កោះដាច់ រួចមកលោកអភិបាលរាជធានី បានបន្តដឹកនាំមន្ត្រីជំនាញ ចុះមកធ្វើការត្រួតពិនិត្យច្រាំងទន្លេមួយកន្លែងទៀត នៅក្នុងភូមិខ្ទរ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ដែលទីតាំងនេះ ក៏បានទទួលរងការគំរាមកំហែងដោយការបាក់ច្រាំងទន្លេផងដែរ ខណៈដែរវិស័យឯកជនបានកំពុងតែចាក់ដី ថ្មចូលច្រាំងទន្លេដើម្បីបង្ការកុំឲ្យបាក់ចូលភូមិដ្ឋានរបស់ពួកគាត់។ ទោះបីជាយ៉ាងណាក្តីពាក់ព័ន្ធនឹងបញ្ហានេះ លោកឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីគាំទ្រចំពោះការបង្ការ និងទប់ស្កាត់កុំឲ្យបាក់ច្រាំងទន្លេនេះ តែសុំឲ្យបងប្អូនប្រជាពលរដ្ឋសុំច្បាប់ មករដ្ឋបាលរាជធានី នោះរដ្ឋបាលរាជធានី និងអនុញ្ញាតច្បាប់ ដើម្បីឲ្យការចាក់ថ្ម ដីចូលច្រាំងទន្លេនេះ មានលក្ខណៈត្រឹមត្រូវតាមច្បាប់៕ដោយ៖កូឡាប