ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីចំនួន១០៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណិត(VOIP) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧និង១០នាទីរសៀល ស្ថិតអគារពាណិជ្ជកម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើដឹកនាំដោយ ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក ផាន់ លីវ៉ា ក្រឡាបញ្ជី ត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិន ស្ថិតអគារពាណិជ្ជកម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តថា ក្នុងប្រតិបត្តិការខាងលើ បានពិនិត្យរកឃើញជនជាតិចិនសរុបចំនួន១០៥នាក់ (ស្រី១០នាក់) ពីបទស្នាក់នៅខុសច្បាប់ និងសង្ស័យប្រព្រឹត្តល្បែងប្រព័ន្ធអ៊ីនធើណិត (VOIP)។
ដកហូតវត្ថុតាងៈទូរស័ព្ទដៃចំនួន១៩១គ្រឿង, កុំព្យូទ័រយួរដៃ (laptop) ចំនួន៤គ្រឿង, Ipaid ២គ្រឿង, កាមេរ៉ាចំនួន២គ្រឿង, លិខិតឆ្លងដែនចំនួន៤៧ក្បាល, រថយន្ត១គ្រឿងម៉ាក LEXUS ផ្លាកលេខភ្នំពេញ2-J9168, MONITER ចំនួន៩៥គ្រឿង និងCASE ចំនួន៨០គ្រឿង (ចាស់)។
បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ដោយ៖បញ្ញាស័ក្តិ