Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​ឡ​ជីវឧស្ម័ន​ជូន​មក​កម្ពុជា​ចំនួន ១ ៥០០ ដើម្បី​ជួយ​សន្សំ​ប្រាក់​ក្នុង​គ្រួសារ​កសិករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​

​ភ្នំពេញ​៖ ឡ​ជីវឧស្ម័ន​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាកសិករ​ជាអាទិ៍ សំណល់​ឡ​ជា​ជីធម្មជាតិ​មានគុណ​ភាពល្អ​សម្រាប់​ដំណាំ​គ្រប់​ប្រភេទ ធ្វើ​ឲ្យ​ភូមិឋាន​មាន​បរិស្ថាន និង​អនាម័យ​ល្អ ផ្ទះបាយ​គ្មាន​ផ្សែង កាត់បន្ថយ​ការប្រើប្រាស់​អុស និង​ធ្យូង ដោយ​ប្រើ​ឧស្ម័ន​ដែល​ទាញយក​ពី​ឡ​ជំនួស ផ្តល់​ឧស្ម័ន​បង្កើតបានជា​អគ្គីសនី​ប្រើប្រាស់​ក្នុង​លំនៅឋាន​បាន​យ៉ាង​ល្អ និង​ជួយ​សន្សំ​ប្រាក់​ក្នុង​គ្រួសារ​កសិករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

សម្ភារៈឡ​ជីវឧស្ម័ន និង​មធ្យ​បាយ​ដឹកជញ្ជូន ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋា ភិ​បាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ស្ថិតក្រោម​អធិបតីភាព​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ពិធី​ប្រគល់​-​ទទួល ធ្វើឡើង​នៅ​អគ្គនាយកដ្ឋាន​សុខភាព​ស​ត្វុំ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​គម្រោង​ឡ​ជីវឧស្ម័ន​នេះ លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ដឹងថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​ឡ​ជិ​វ​ឧស្ម័ន​ជូន​មក​កម្ពុជា​ចំនួន ១ ៥០០​ឡ រថយន្ត ៣​គ្រឿង ម៉ូតូ ១៤​គ្រឿង ម៉ាស៊ីនភ្លើង ៧​គ្រឿង ម៉ាស៊ីនបូមទឹក ៧​គ្រឿង និង​សម្ភារ​ការិយាល័យ​មួយចំនួនធំ​ទៀត គិត​ជា​ទឹកប្រាក់​ចំនួន ៩ ៦៦០ ០០០​យាន់ ដែល​ត្រូវ​បែងចែក​ទៅ​ខេត្ត​គោលដៅ​ចំនួន ៧ ក្នុងនោះ​ខេត្ត​ត្បូងឃ្មុំ ៣០០ ឡ កំពង់ចាម ២០០​ឡ ព្រៃវែង ២០០​ឡ ស្វាយរៀង ២០០​ឡ កំពង់ឆ្នាំង ២០០​ឡ ពោធិសាត់ ២០០​ឡ និង​ខេត្តព្រះវិហារ ២០០​ឡ សម្រាប់​រយ​:​ពេល ៣​ឆ្នាំ ។

​នាឱកាស​នេះ លោក​ឯកអគ្គរដ្ឋទូត បានធ្វើ​ចំណាប់អារម្មណ៍ ទាក់ទង​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ថា ក្រោយពេល​រដ្ឋាភិបាល​ទាំងពីរ​បាន​អនុវត្ត​គោលនយោបាយ “​ខ្សែក្រវាត់ និង​ផ្លូវ​” ឃើញថា​ថ្មីៗ​នេះ​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន ប្រែ​មុខមាត់ គួរ​ឲ្យ​កត់សម្គាល់​។ ប្រទេស​ទាំ​ពីរបាន​ផ្តោតជាសំខាន់​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ជា​អាទិភាព ហើយ​ស្តែងចេញ​ជា​លទ្ធផល កន្លងមក​ភាគី​ចិន​បាន​បង្កើន​កូតា​នាំ​អង្ករ​កម្ពុជា​ចូល​ទីផ្សារ​ចិន ចេកអំបូង​លឿង​ស្រស់ ម្សៅដំឡូង​មី និង​ផ្លែឈើ​ច្រើន​ប្រភេទ​ទៀត ហើយ​អនាគត​ផលិតផល​កៅស៊ូ​កម្ពុជា​នឹង​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​។ ចំពោះ​ការបណ្តុះបណ្តាល​ធនធាន មនុស្ស កន្លងមក​កម្ពុជា​បាន​បញ្ជូន​មន្ត្រី​ចំនួន ២៦៨ រូប​ទៅ​ចិន​ដើម្បី​ចូលរួម​សិក្សា ដកស្រង់​បទ ពិសោធន៍​ផ្នែក​វិស័យ​កសិកម្ម ហើយ​ភាគី​ចិន​ក៏បាន​បញ្ជូន​មន្ត្រី ជំនាញ​មក​កម្ពុជា​វិញ​ផងដែរ​។ ឯកអគ្គរដ្ឋទូត​សង្ឃឹមថា​តាមរយ​:​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ជោគវាសនា​រួមគ្នា ប្រកបដោយ​មិត្តភាព និង​សាមគ្គី​ភាពជា​បងប្អូន បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ប្រកបដោយ​និរន្តរភាព ជាពិសេស​ជំរុញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ចិន​បាន​កាន់តែ​ច្រើនឡើង​ថែមទៀត​។

​ឆ្លៀត​ក្នុងឱកាស ក្នុងនាម​ក្រសួង និង​រាជរដ្ឋាភិបាល​កម្ពុជា លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ចាប់តាំងពី​គ្រាក្រ​លំបាក រហូតដល់​កម្ពុជា​សម្រេច​បាន​នូវ​សន្តិភាព​ពេញលេញ ការឯកភាព​ជាតិ​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ ចូលរួម​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដែលជា​ការរួមចំណែក​យ៉ាងសកម្ម​ទៅលើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​បច្ចេកទេស ការអភិវឌ្ឍ​ធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ការវិនិយោគ​ដើម្បី​ផលប្រយោជន៍​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ ទាក់ទង​ពិធី​ប្រគល់​-​ទទួល​សម្ភារ ឡ​ជីវឧស្ម័ន និង​មធ្យោបាយ​ដឹកជញ្ជូន ក្រោម​ហិរញ្ញ ប្ប​ទាន​ឥត​សំណង​របស់​ចិន​នាពេលនេះ លោក​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​វត្តមាន និង​ជា ពិសេស​បាន​ជួយ​ជ្រោមជ្រែង និង​ផ្តល់​កិច្ចសហការ​បាន​យ៉ាង​ល្អប្រសើរ​របស់លោក Wang Wentian បានធ្វើ​ឲ្យ​គម្រោង​ខាងលើ​កើតចេញ​ជា​ផ្លែផ្កា​នា​ថ្ងៃនេះ​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ជូន​អង្គពិធី​ជ្រាបថា​គម្រោង​សាងសង់​ឡ​ជីវឧស្ម័ន ១ ៥០០​ឡ គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ទាំង​១៦ ដែល​បាន​រៀបចំឡើង​ដោយ​ក្រសួង នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​រវាង​រដ្ឋាភិបាល​ទាំងពីរ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៣- ២០១៧​។​

​ដោយហេតុថា ឡ​ជីវឧស្ម័ន​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាកសិករ​ជាអាទិ៍​៖ សំណល់​ឡ​ជា​ជីធម្មជាតិ​មានគុណ​ភាពល្អ​សម្រាប់​ដំណាំ​គ្រប់​ប្រភេទ ធ្វើ​ឲ្យ​ភូមិឋាន​មាន​បរិស្ថាន និង​អនាម័យ​ល្អ ផ្ទះបាយ​គ្មាន​ផ្សែង កាត់បន្ថយ​ការប្រើប្រាស់​អុស និង​ធ្យូង ដោយ​ប្រើ​ឧស្ម័ន​ដែល​ទាញយក​ពី​ឡ​ជំនួស ផ្តល់​ឧស្ម័ន​បង្កើតបានជា​អគ្គីសនី​ប្រើប្រាស់​ក្នុង​លំនៅឋាន​បាន​យ៉ាង​ល្អ និង​ជួយ​សន្សំ​ប្រាក់​ក្នុង​គ្រួសារ​កសិករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ហេតុផល​ទាំងអស់​នេះហើយ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​ដល់​អង្គភាព​ជំនាញ​ក៏ដូចជា​មន្ត្រី​អនុវត្ត​គម្រោង​ត្រូវ​យកចិត្តទុកដាក់​សហ​ការល្អ​ជាមួយ​ភាគី​ចិន និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​គម្រោង​នេះ ដោយ​រលូន​ប្រកបដោយ​មនសិការ​វិជ្ជា​ជីវៈ តម្លាភាព ចំ​ទិសដៅ ឆ្ពោះទៅរក​ភាពជោគជ័យ​តាម​ផែន​ការដែល​បានគ្រោង​ទុក​ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​សាធារណ​រដ​
​្ឋ​ប្រជាមានិត​ចិន និង​ភារកិច្ច​ផ្សេងៗ​ទៀត​ក្នុង​ស្មារតី​ស្ថាបនា នវានុវត្តន៍ និង​ទទួលខុសត្រូវ​ខ្ពស់​។

​ក្រៅពី​គម្រោង​ឡ​ជីវឧស្ម័ន ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​រំលឹក​ជូន​អង្គពិធី​បាន​ជ្រាប​ផងដែរ​អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​ក្រសួង​សម្រេចបាន​ក្រោម​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​ទៅតាម​អនុវិស័យ​នីមួយៗ មាន​ជាអាទិ៍ ផ្នែក​ជំនាញ​កសិកម្ម ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) ជាមួយ AQSIQ ផ្នែក​ផលិតកម្ម​បសុព្យាបាល ផ្នែក​ព្រៃឈើ ការធ្វើ​ទំនើបភាវូបនីយកម្ម​នៃ​កសិឧស្សាហកម្ម ការស្រាវជ្រាវ ការអភិវឌ្ឍ​ឧស្សាហូបនីយកម្ម ជលផល ការអភិវឌ្ឍ​ធនធានមនុស្ស ទស្សនកិច្ច​សិក្សា ការផ្តល់​សម្ភារ​ឧបករណ៍​ផ្សេងៗ ការសាងសង់​មន្ទីរពិសោធន៍​នៅ​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប​ជាដើម​។ និយាយ​ដោយឡែក ចំពោះ​ការងារ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ជួយ​លើ​ការសាងសង់​ឡ​ជីវឧស្ម័ន​៣​លើក​រួចមកហើយ​ដែល​បាន​ចាប់ ផ្តើម​តាំងពី​ឆ្នាំ​២០០៤ កន្លងមក​ម្ល៉េះ ព្រមទាំង​បាន​បង្កើត​ស្ថានីយ​ចិញ្ចឹម​ជ្រូក​បង្ហាញ​កម្ពុជា​-​ចិន និង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​អនុវិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ តាមរយៈ​កិច្ចប្រជុំ សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ដែលជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការរួម ចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​២០១៩-២០២៣៕ ដោយ​៖​កូ​ឡាប​

×