ខេត្តព្រះសីហនុ៖ ស្ថានភាពអាកាសធាតុ នៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺទឹកភ្លៀង បានបន្តធ្លាក់មកជាបន្តទៀតហើយ ក្រោយពេលមូលដ្ឋានជាប់ឆ្នេរសមុទ្រមួយនេះ មានផ្ទៃមេឃស្រឡះ គ្មានភ្លៀង ផ្គរ រន្ទះ និងមិនមានរលកសមុទ្របោកបក់ខ្លាំង ក្នុងរយៈពេល ២~៣ថ្ងៃកន្លងមកនេះ។
ទោះបីទឹកភ្លៀង បានបន្តធ្លាក់មក នាទីប្រជុំជនក្រុងព្រះសីហនុបែបនេះ ក៏ប៉ុន្តែទឹកភ្លៀង មិនមានបរិមាណខ្លាំង ឬធ្លាក់មកយ៉ាងគំហុក ដូចពេលកន្លងទៅនោះទេ។ ហើយថា ក្នុងទីប្រជុំជនក្រុងព្រះសីហនុទាំងមូល ក៏មិនមានជំនន់ទឹកភ្លៀង ជនលិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅតាមតំបន់ទំនាបនោះដែរ។
ទាក់ទិនបញ្ហាអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពអាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹងបន្ថែម របស់ ក្រសួងធនធានទឹក ចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បង្ហាញថា៖ អនុលោមតាមសារាចរ របស់រាជរដ្ឋាភិបាលលេខ ០៩ សរណន ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់។ ផ្អែកលើសភាពការជាក់ស្តែង នៃការវិវត្តអាកាសធាតុ ពាក់ព័ន្ធនឹងឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេសថៃ ឡាវ និងវៀតណាម ហើយដែលបច្ចុប្បន្ន បានរំកិលចុះមកក្រោមកាត់លើប្រទេសកម្ពុជា រយៈពេល ២~៣ថ្ងៃខាងមុខ។
សេចក្តីជូនដំណឹងដដែលឲ្យដឹងថា ចាប់ពីថ្ងៃទី១២~១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យ បណ្តាខេត្តមួយចំនួនប្រឈមនឹងទឹកជំនន់។ ចាប់ពីថ្ងៃទី១២~១៩ ខែកញ្ញា បណ្តារាជធានី~ខេត្ត ដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងមាន៖ រាជធានីភ្នំពេញ, កណ្តាល, តាកែវ, កំពង់ស្ពឺ, ពោធិ៍សាត់, ព្រៃវែង, ស្វាយរៀង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និងខេត្តជាប់សមុទ្រ។
អាស្រ័យដូចបានជម្រាបខាងលើ ក្រសួងធនធានទឹក បានរំលឹកដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា បានជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រ៕ ដោយ៖ ដែន សីមា