Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់ បណ្តាល​ឲ្យ​មនុស្ស ១២​នាក់ ស្លាប់ និង​បង្ក​ផលប៉ះពាល់ ៨៧.៤៦៩​គ្រួសារ

​ភ្នំពេញ​៖ ទឹកជំនន់​បាន​វាយប្រហារ​ខេត្ត​ចំនួន ៧ ក្នុង​រយៈពេល​កន្លះ​ខែ​មកនេះ បាន​បណ្តាល​ឲ្យ​មនុស្ស ១២​នាក់ បាន​ស្លាប់ និង​ជាង ១​ម៉ឺន​គ្រួសារ ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ទៅកាន់​ទីទួល​សុវត្ថិភាព បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សរុប ៨៧.៤៦៩​គ្រួសារ ផ្ទះ​ប្រជាពលរដ្ឋ ៥១​ខ្នង​ផ្ទះ ក៏ត្រូវ​រុះរើ​បន្ទាន់​ដោយសារ​បាក់​ច្រាំងទន្លេ ។​

​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែកញ្ញា​នេះ ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៧ រួមមាន​ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និង​ខេត្តព្រៃវែង​។​

​លោក​បាន​ឱ្យដឹងទៀតថា គ្រោះទឹកជំនន់ បាន​បណ្តាល​ឲ្យ​មនុស្ស ១២​នាក់ បាន​ស្លាប់ ក្នុងនោះ មាន​កុមារ ៦​នាក់​ផងដែរ ។ ចំណែក​មនុស្ស ៥​នាក់​ទៀត បាន​រងរបួស​ដោយសា​រពស់​ចឹក ។ មនុស្ស​មួយចំនួន បាន​ស្លាប់​ដោយសារ​លង់ទឹក​ទន្លេ មួយចំនួនទៀត ស្លាប់​ដោយសារ​លង់ទឹក​បឹង និង​ព្រែក​នៅក្បែរៗ​ផ្ទះ ស្លាប់​ដោយសារ​ការធ្វេសប្រហែស​របស់​អាណាព្យាបាល មាន​កុមារ​ម្នាក់​ស្លាប់​ដោយសារ​ទឹក​គួច​ទៅ​បាត់​នៅឯ​ខេត្តព្រះវិហារ ពេល​ជិះ​ម៉ូតូ​ជាមួយ​ឱ​ពុក​ម្ដាយ​ឆ្លងកាត់​ទំនប់​បង្ហៀរ​។​

​លោក កែវ វី ប្រាប់ថា​៖ យើង​សោកស្ដាយ​ណាស់​ដែល​ចំនួន​អ្នកស្លាប់ បន្ទាប់ពី​ទឹកជំនន់​នេះ មាន​រហូតដល់​១២​នាក់​។ សូម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​សុវត្ថិភាព​កូន​ចៅ​តូចៗ ក្នុង​គ្រា​ដែល​ទឹក​ឡើង​។​

​លោក កែវ វី បាន​ឲ្យ​ដឹងថា ទឹកជំនន់​ទន្លេមេគង្គ​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សរុប ៨៧.៤៦៩​គ្រួសារ ក្នុងនោះ​ទឹក​ជន់​លិច​ស្រែ​ស្រូវ​ជាង ៣៧.៨០១​ហិច​តា លិច​ចម្ការ ៣.៤៧០​ហិច​តា​។ ទឹកជំនន់​ជន់​លិច​សាលា ៣២៣​កន្លែង លិច​វត្ត​អារាម ១៥៣​វត្ត និង​លិច​មណ្ឌល​សុខភាព ២៨​កន្លែង​។ ច្រាំងទន្លេ​ប្រវែង​២២.៣៤៥​ម៉ែត្រ នៅ​ខេត្តក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ ដែល​បង្ក​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ ៥១​ខ្នង​ផ្ទះ ក៏ត្រូវ​រុះរើ​បន្ទាន់​។​

​លោក កែវ វី បានលើកឡើង​ទៀតថា ចំណាត់ការ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ គឺធ្វើឡើង​ដោយបាន​ទាន់ពេលវេលា ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​ទី​សុវត្ថិភាព ទទួលបាន​ការផ្គត់ផ្គង់​គ្រឿងឧបភោគ​បរិភោគ ទទួល​បានការ​គាំពារ​ផ្នែក​សុខភាព ព្រមទាំង​សន្តិសុខ​សុវត្ថិភាព ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​។ យើង​ផ្តល់​ជា​ថ្នាំពេទ្យ ជា​ស្បៀង​សង្គ្រោះ​នេះ យើង​ធ្វើជា​បន្តបន្ទាប់ និង​ទាន់ពេលវេលា ព្រោះ​របស់​ទាំងអស់នោះ មាននៅ​ក្នុង​ស្តុក​នៅតាម​បណ្ដា​ខេត្ត​រួចហើយ​។ ពលរដ្ឋ​ឈឺ​ល្មមៗ យើង​អាច​មើល​នៅ​កន្លែង​។ បើ​ករណី​ណា​ធ្ងន់ យើង​មាន​មធ្យោបាយ​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​តែម្ដង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×