ខេត្តកំពង់ធំ និងខេត្តព្រះវិហារ៖ ការចែកសម្ភារៈជាស្បៃ គ្រាប់ពូជបន្លែរជាច្រើនដល់ដៃប្រជាសហគមន៍ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍តំបន់ការពារ ធម្មជាតិឱ្យកាន់តែប្រសើរឡើង តាមរយៈការធ្វើឱ្យប្រសើរឡើងនូវផលិតកម្មកសិកម្មគ្រួសារ។នេះបើតាមការបញ្ជាក់របស់លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍ក្រសួងបរិស្ថាន។
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ លោក សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចែកសម្ភារៈជាស្បៃខៀវ និងគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
លោក សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ ក្នុងការលើកស្ទួយជីវភាពប្រជាជនគ្រប់ទីកន្លែង ។ លោក បានបន្ថែមថា ក្រសួងបរិស្ថាន បាននឹងកំពុងកំណត់យកបញ្ហាជាអាទិភាពក្នុងការដោះស្រាយលើបញ្ហាប្រឈមនានា នៃការគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ និងការលើកម្ពស់កាចិញ្ចឹមជីវភាពរបស់សហគមន៍មូលដ្ឋានអោយមានភាពល្អប្រសើរឡើង ពិសេសក្រសួងបរិស្ថានបានរៀបចំ ផែនការ យុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងតំបន់ការពារ ធម្មជាតិតាមរយៈគម្រោង ជំរុញភាពធន់របស់សហគមន៍ជនបទរស់នៅតំបន់ការពារ ធម្មជាតិជាតិដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ។ ជាក់ស្តែង ក្រសួងបរិស្ថាន បានចែកសម្ភារៈជាស្បៃ គ្រាប់ពូជបន្លែរជាច្រើនដល់ដៃប្រជាសហគមន៍ ។ ទន្ទឹមនេះ នៅពេលកន្លងមក គម្រោង ក៏បានចែកពូជសត្វ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងការអប់រំបណ្តុះ បណ្តាលជំនាញបំនិនជីវិត ជារៀងរាល់ឆ្នាំដល់ប្រជាសហគមន៍។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ទៅលើដាំដំណាំបន្លែដែលគ្មានជាតិគីមី ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវភាព របស់បងប្អូនឲ្យកាន់តែល្អប្រសើរឡើង និងធានាសុវត្ថិភាព ក្នុងការបរិភោគបន្លែប្រចាំថ្ងៃ ព្រមទាំងទទួលបានសុខភាពល្អ។ ឯកឧត្តម បានបញ្ជាក់ថា សុខភាពគឺជាបញ្ហាចំបងរបស់មនុស្សគ្រប់រូប ដែលត្រូវតែធ្វើការយកចិត្តទុកដាក់បំផុត ព្រោះបើយើងមានសុខភាពល្អ នោះយើងជាមនុស្ស ដែលទ្រព្យសម្បត្តិមហាសាល តែបើសុខភាពមិនល្អហើយវាធ្វើឲ្យបាត់បង់គ្រប់យ៉ាង។
ក្នុងនោះលោកសុខ លូ អភិបាលខេត្តកំពង់ធំ សូមឲ្យបងប្អូនទាំងអស់ ចូលរួមថែរក្សាព្រៃសហគមន៍នេះ ដើម្បីជាផលប្រយោជន៍សម្រាប់ដល់បងប្អូន ដែលទទួលផលពីអនុផលព្រៃសហគមន៍នេះ ដោយមិនត្រូវឲ្យជនណាម្នាក់ ឆ្លៀតឱកាសទាញយកផលប្រយោជន៍ផ្សេងៗ ពីព្រៃសហគមន៍ ដូចជាការកាប់ដីព្រៃនេះ ធ្វើជាកម្មសិទ្ធិឯកជន ឬលក់ទៅឲ្យឈ្មួញជាដាច់ខាត។ ទន្ទឹមនោះដែរ លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់បងប្អូន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងចំពោះអ្នកដែលជាទីស្រឡាញ់ផងដែរ។
សូមបញ្ជាក់ថា៖អគ្គនាយកដ្ឋានសហគមន៍ មូលដ្ឋាន ដោយមានការគាំទ្រពីគម្រោងមូលនិធិ បន្សាំទៅ នឹងការប្រែប្រួលអាកាសធាតុបានចែកសម្ភារៈជាស្បៃខៀវ និងគ្រាប់ពូជបន្លែ ដើម្បីទ្រទ្រង់សកម្មភាពសួនបន្លែគ្រួសារដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៧៣០ គ្រួសារ គឺសហគមន៍ជីឱកបឹងប្រីយ៍ (៨៤គ្រួសារ) សហគមន៍ជាំធ្លក (៣៩៨គ្រួសារ) និងសហគមន៍ស្ករក្រូច (២៤៤គ្រួសារ) ស្ថិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ។ ពិធីនេះ បានរៀបចំធ្វើនៅស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ស្ថិតនៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សម្ភារៈ និងពូជដំណាំដែលបានចែកជូនប្រជាសហគមន៍ រួមមាន គ្រាប់ពូជបន្លែ ដូចជា ស្ពៃក្រញញ់ ស្ពៃខ្មៅ ស្ពៃចង្កឹះ តាសក់ សណ្តែកកួរ ឆៃថាវ ត្រកួន និងសំណាញ់ការពារ។ ក្នុងនោះ ១គ្រួសារទទួលបាន ១. គ្រាប់ស្ពៃក្រញាញ់ ១កំប៉ុង ២. គ្រាប់ស្ពៃខ្មៅ ២កំប៉ុង ៣. គ្រាប់ស្ពៃចង្កឹះ ២កំប៉ុង ៤. គ្រាប់សណ្តែកគួរ ២កំប៉ុង ៥. គ្រាប់ឆៃថាវ ១កំប៉ុង ៦. គ្រាប់ត្រកួន ១គីឡូក្រាម ៧. គ្រាប់ត្រសក់ ៣កញ្ចប់ និងស្បៃបៃតង ១ដុំ៕ ដោយ៖បញ្ញាស័ក្តិ