ខេត្តព្រះសីហនុ៖ ក្រុមបុគ្គលិកបម្រើការងារនៅកាស៊ីណូប៉ាវម៉ាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រមូលផ្តុំគ្នាប្រតិកម្មតវ៉ាជាថ្មីទៀត ដើម្បីទាមទារឲ្យថៅកែ របស់ខ្លួនបើកប្រាក់បៀវត្សរ៍ ដែលជំពាក់កាលពីប៉ុន្មានខែកន្លងទៅ ឲ្យពួកគេឲ្យបានគ្រប់ចំនួន។
ចំពោះវិវាទការងារនៅក្រុមហ៊ុនប៉ាវម៉ាយ ឬកាស៊ីណូប៉ាវម៉ាយនេះ មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ នៅ រសៀលថ្ងៃទី១៦ ខែកញ្ញា បានចុះទៅធ្វើការសម្របសម្រួល ដើម្បីរកច្រកបញ្ចប់វិវាទនេះឲ្យបានឆាប់។
ទាក់ទិនបញ្ហានេះ លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានឲ្យដឹងថា វិវាទខាងលើនេះ ខាងមន្ត្រីជំនាញ បានចុះទៅសម្របសម្រួល និងបានឲ្យខាងភាគីវិវាទ ធ្វើកិច្ចព្រមព្រៀងគ្នាជាលើកទី២ ជាមួយតំណាងកាស៊ីណូប៉ាវម៉ាយ និងតំណាងកម្មករនិយោជិត។
លោកបន្តថា កិច្ចសម្របសម្រួលបានសម្រេចលើកពេល បើកប្រាក់ឈ្នួល ជូនបុគ្គលិកកាស៊ីណូនេះ ទៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។
លោកបន្តថា ការសម្របសម្រួលនេះ ធ្វើទៅតាមសំណូមពរ របស់និយោជក និងមានការព្រមព្រៀងពីតំណាងបងប្អូនកម្មករនិយោជិត ក្រោមកិច្ចសម្របសម្រួលពី មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ៕ ដោយ៖ ដែន សីមា