ភ្នំពេញ ៖ ម្ចាស់មេដាយមាស កីឡាតេក្វាន់ដូ WT ក្នុងស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេ ស៊ី ឆ្នាំ២០១៧ វីរកីឡាការិនី ស៊ន សៀវម៉ី បានដាក់ក្តីសង្ឃឹមយ៉ាងខ្ពស់ជាថ្មីម្តងទៀតថា ខ្លួននឹងអាចការពារ មេដាយមាសបាន សម្រាប់ការប្រកួតស៊ីហ្គេម ចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។
កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT ស៊ន សៀវម៉ី បានបង្ហាញឲ្យឃើញនូវការជឿជាក់នេះ ដោយសារ ឈរនៅលើកត្តា ដូចជាការតាំងចិត្តរបស់ខ្លួនដ៏មុះមុត ក្នុងការបង្កើនការហ្វឹកហាត់ត្រៀមយ៉ាងខ្លាំងក្លា ចាប់តាំង ពីខែមេសា ឆ្នាំ២០១៩ និងបន្តទៅហ្វឹកហាត់នៅក្រៅប្រទេសកូរ៉េខាងត្បូងចំនួន២ខែ បន្ថែមទៀត ក្រោមការលើក ទឹកចិត្តពីថ្នាក់ដឹកនាំ គ្រូបង្វឹក ជាពិសេសគឺលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT រួមទាំងក្រុម គ្រួសារទាំងមូលក៏តែងតែផ្តល់ កម្លាំងចិត្តជានិច្ច ដែលឲ្យកីឡាការិនីរូបនេះមានទឹកចិត្តមិនចេះរីងស្ងួត។ ម្យ៉ាងទៀត សៀវម៉ី ធ្លាប់ឆ្លងកាត់បទ ពិសោធន៍ប្រកួតលើឆាកអន្តរជាតិជាច្រើនលើកផងដែរ។
កីឡាការិនី ស៊ន សៀវម៉ី បញ្ជាក់បន្ថែមទៀតថា នាងត្រូវប្រកួតលើវិញ្ញាសាប្រយុទ្ធលើ៧៣គីឡូក្រាម ក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប៉ុន្តែមិនទាន់ច្បាស់ថានឹងត្រូវជួប ប្រកួតជាមួយកីឡាការិនីខ្លាំងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ណាខ្លះនៅឡើយ ដោយនាងគ្រាន់តែបញ្ជាក់ថា អាចនឹង ប៉ះជាមួយកីឡាការិនីជម្រើសជាតិឥណ្ឌូណេស៊ី វៀតណាម ម្ចាស់ផ្ទះ ហ្វីលីពីនជាដើម។
ជាចុងក្រោយ កីឡាការិនីជម្រើសជាតិតេក្វាន់ដូរូបនេះបានស្នើឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលមេត្តាផ្តល់ ការគាំទ្រ កម្លាំងចិត្តដល់ក្រុមជម្រើសជាតិតេក្វាន់ដូ ក៏ដូចជាប្រភេទកីឡាដទៃទៀត ដែលត្រៀមខ្លួនចូលរួម ប្រជែងមេដាយយកមកជូនជាតិ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩នេះ។ បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡាបានត្រៀម៣០ប្រភេទកីឡា សម្រាប់ត្រៀមចូលរួមប្រកួត ប្រជែង មេដាយនៅក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយក្នុងនោះមាន៩ប្រភេទកីឡាត្រូវ បានចាត់ចូលជាប្រភេទកីឡាសក្តានុពល។ កាលពីស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី គឺកម្ពុជាបានយកឈ្នះ មេដាយមាស ចំនួន៣វិញ្ញាសាលើប្រភេទតេក្វាន់ដូ ដោយកីឡាការិនី ស៊ន សៀវម៉ី, មេ ដាយមាសដោយប្រភេទកីឡាប៉េតង់ និងប្រដាល់គុនខ្មែរ អមដោយមេដាយប្រាក់២គ្រឿង មេដាយសំរឹទ្ធចំនួន ១២គ្រឿង សរុប១៧គ្រឿង។ គេនៅចាំបានថា កាលពីឆ្នាំ២០១៤ កម្ពុជាបានកសាងកិត្តិយស និងកេរឈ្មោះលេចធ្លោនៅលើឆាកអន្តរ ជាតិ ដោយកម្ពុជាបានឈ្នះមេដាយមាសទី១ ដោយវីរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ដែលបានបំបែក កំណត់ត្រាជាប្រវត្តិសាស្ត្ររបស់ជាតិ រយៈពេល៦០ឆ្នាំ។
ម្ចាស់មេដាយមាសអាស៊ី ស៊ន សៀវម៉ី គឺជាបេក្ខភាព តែមួយគត់របស់កម្ពុជា ដែលសាងភាពលេចធ្លោប្រកួតឆ្លងផុតវគ្គជម្រុះទ្វីបអាស៊ី នៅប្រទេសហ្វីលីន មុនពេល បានសិទ្ធិផ្លូវការ បន្តទៅប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម កាលពីឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដោយកន្លងមកការចូលរួមប្រកួតរបស់កម្ពុជាក្នុងអូឡាំពិកហ្គេម គឺជាការផ្តល់សិទ្ធិអនុគ្រោះរបស់អូឡាំពិកអន្តរ ជាតិតែប៉ុណ្ណោះ។
កីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT ៩នាក់ បានចេញដំណើរទៅបង្កើនការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសឲ្យបានកាន់តែប្រសើរ នៅសាធារណរដ្ឋកូរ៉េ មុនចេញទៅចូលរួមប្រជែងមេដាយនៅក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងពិធីជួបជុំជូនដំណើរ កីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា នៅទីស្នាក់ការរបស់ខ្លួន រាជធានីភ្នំពេញ នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយនៅយប់ថ្ងៃដដែលនេះ ក្រុមអត្តពលិកត្រូវហោះទៅកាន់សាធារណរដ្ឋកូរ៉េ ដែលជាកន្លែងហ្វឹកហាត់តែម្តង។
លោកជ្រិន សុធា អនុប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT (ស្ទីលកូរ៉េខាងត្បូង) បញ្ជាក់ថា ការហ្វឹកហាត់នៅប្រទេសម្ចាស់ក្បាច់គុន តេក្វាន់ដូ WT នេះ គឺដើម្បីត្រៀមខ្លួនឲ្យកាន់តែក្លាំងក្លា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ។ តេក្វាន់ដូ WT នេះ គឺជាប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមនៅលើពិភពលោក ដែលមានអ្នកលេងច្រើនជាងគេរហូតដល់ ៩០លាននាក់ នៅក្នុងចំណោម ២០៥ប្រទេស ហើយសម្រាប់កម្ពុជា ក៏មានក្តីរំពឹងខ្ពស់ដែរថា នឹងប្រជែងបានមេដាយក្នុងស៊ីហ្គេមឆ្នាំនេះ ក៏ដូចជាឈានទៅប្រជែងមេដាយ នៅក្នុងកម្រិតកីឡាអាស៊ី (Asian Games) និងអូឡាំពិកហ្គេម នាពេលខាងមុខផងដែរ។
លោកអនុប្រធានបានដាក់ក្តីរំពឹងខ្ពស់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា របស់ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងអត្តពលិករបស់ខ្លួន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយនឹងការគាំទ្រពីវិស័យឯកជននឹងជួយបង្កើនគុណភាពសមត្ថភាពរបស់អត្តពលិកកាន់តែមានបច្ចេកទេសខ្ពស់ៗ ហើយមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ៗទៀតផង៕ដោយ៖បញ្ញាស័ក្តិ