Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មានការ​ធ្លាក់ចុះ​ភ្ញៀវទេសច រ​នៅ​គោលដៅ​សៀមរាប​-​អង្គរ គណៈកម្មការ​អន្តរក្រសួង បានប្រកាស​ដាក់ចេញ​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ចំនួន​៤

​សៀមរាប​៖ ក្រោយ​មានការ​ធ្លាក់ចុះ​ភ្ញៀវទេសចរ​នៅ​គោលដៅ​សៀមរាប​-​អង្គរ គណៈកម្មការ​អន្តរក្រសួង​បានប្រកាស​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ចំនួន​៤ ជា​ចម្បង ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នានា ដើម្បី​ស្រោចស្រង់​កំណើន​ភ្ញៀវទេសចរ​ឡើងវិញ ខណៈ​តំបន់​ដែលមាន​សក្ដានុពល​សំខាន់ៗ​ចំនួន​៤ ក៏​ត្រូវបាន​កំណត់ថា​ត្រូវតែ​អភិវឌ្ឍន៍​ទៅ​គោលដៅ ទេសចរណ៍​ទាក់ទាញ​ជា​ចាំបាច់​ផងដែរ​។​

​ការប្រកាស​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជា​ចាំបាច់​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប នៅ​សណ្ឋាគារ​សុខា​ល័យ ខេត្តសៀមរាប នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួន ដែលជា​សមាជិក​នៃ​គណៈកម្មការ​អន្តរក្រសួង​ជាច្រើន​នាក់​ទៀត​។​

​អង្គរ​ប្រជុំបាន​ប្រកាស​ដាក់ចេញ​គ​ម្រោ​ង​ផែនការមេ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ផែនការ​សកម្មភាព​ការងារ​អនុវត្ត​ចំពោះមុខ រយៈពេល​ខ្លី ឆ្នាំ​២០១៩-២០២០ ក្រោម​ទិស​ស្លោក «​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​»​។​

​ផែ​នន​ការ​យុទ្ធសាស្ត្រ​ទាំង​៤​នោះ រួមមាន​៖ ១-​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ថ្មី និង​ការពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ ២-​បង្កើត​ភាព​ប្រកួតប្រជែង ៣-​បង្កើត​ការតភ្ជាប់ និង ៤-​បង្កើត​អត្តសញ្ញាណ​ថ្មី​នៃ​តំបន់​សៀមរាប​។​

​ជាមួយគ្នា​នោះ គណៈកម្មការ​អន្តរក្រសួង​បានកំណត់​យក​តំបន់​បឹង​ទន្លេសាប ភ្នំ​គូលែន ទីក្រុង​សៀមរាប និង​តំបន់​ជុំវិញ ជា​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍​ទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី ក្រៅពី​ប្រាសាទ​អង្គរ​៖

១. នៅ​តំបន់​បឹង​ទន្លេសាប​ ៖ សិក្សា​បង្កើត​សកម្មភាព​កម្សាន្ត​បន្ថែម​លើ​បឹង​ទន្លេសាប ដូចជា សេវា​ស្នាក់នៅ​ជាមួយ​ប្រជាជន​នៅលើ​ទឹក ឬ​នៅតាម​ភូមិ​មាត់ទឹក ការ​ជិះរទេះ​គោក្របី ឬ​ដើរ​កម្សាន្ត​តាម​ភូមិ​ជា​បឹង​ទន្លេសាប​ជា​លក្ខណៈ​កញ្ចប់ ដែល​អាច​ពន្យារពេល​ការ​ស្នាក់នៅ​របស់​ទេសច​រ​។ ពង្រឹងគុណភាព​សេវាកម្ម​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នៅក្នុង​តំបន់​នេះ​។ ក្រៅពីនេះ ក៏មាន​គម្រោង​រៀបចំ​រៀបចំ​ជា​ភូមិ​ទេសចរណ៍ធម្មជាតិ (Eco-village) ដែលមាន​រចនាប័ទ្ម​ខ្មែរ​ជនបទ​ស៊ីចង្វាក់​គ្នា​ជាមួយ​ភូមិ​ធម្មជាតិ​នីមួយៗ ដោយមាន​ការវិនិយោគ​បដិភាគ​កម្រិត​ណាមួយរ​បស់​វិស័យ​សាធារណៈ​។ កែលម្អ​ផ្លូវ​ទៅកាន់​កំពង់ផែ​បឹង​ទន្លេសាប​៖ កំពង់​ភ្លុក កំពង់​ឃ្លាំង មេ​ជ្រៃ និង​បឹង​ពារាំង​។​

២. នៅ​ឧទ្យាន​ជាតិ​គូលែន​៖ រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឧទ្យាន​ភ្នំ​គូលែន ជា​ទេសចរណ៍​បែប​អេកូ​ទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង និង​ទេសចរណ៍​សាសនា​​រៀបចំ​ជា​ខ្សែ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ Trekking និង Hiking តាម​កម្រិត​ខុសៗ​គ្នា​។ បង្កើតជា​មជ្ឈមណ្ឌល​ព័ត៌មាន​ជីវចម្រុះ​ក្នុង​ឧទ្យាន ដើម្បី​ផ្តល់ព័ត៌មាន សេដ្ឋកិច្ច និង​អប់រំ​ពី​ជីវចម្រុះ និង​បរិស្ថាន​របស់​ឧទ្យាន និង​អាច​បណ្តុះ​លក់​ពូជ​ផ្កា និង​រុក្ខជាតិ​មួយចំនួន​ដាក់​បង្ហាញ និង​លក់​ជូន​ភ្ញៀវ​។ រៀបចំ​សម្បទា​ទ្រ​ទ្រ​ង​វិស័យ​ទេសចរណ៍ ឱ្យមាន​លក្ខណៈ​ជា​និរន្តរភាព​។ បង្កើត​សួន​ទេសចរណ៍​នៅ​ឧទ្យាន​ភ្នំ​គូលែន​។ ជំរុញ​ការចូលរួម​របស់​សហ​គម​ន៍​មូលដ្ឋាន​ក្នុង​វិស័យ​ទេសចរណ៍​។ បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ តាមរយៈ​ការ​ចងក្រង​ជា​សហគមន៍​ទេសចរណ៍​។ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅ​តំបន់​ទឹកធ្លាក់​ធំ និង​ព្រះ​អង្គរធំ និង​តំបន់​ទេសចរ​សំខាន់ៗ​ផ្សេងៗ​ទៀត ឲ្យ​អាច​ទទួល​ទេសចរ​វ័យ​ចំណាស់​បាន ដោយ​រៀបចំ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីចង្វាក់​គ្នា​ជាមួយ​ធម្មជាតិ និង​វប្បធម៌​របស់​ឧទ្យាន​ភ្នំ​គូលែន​។ កែ​លម្អ​​រចនា​សម្ព័ន្ធ​ផ្លូវ​ទៅកាន់​ប្រាសាទ និង​រមណីយដ្ឋាន​ចម្បងៗ​នៅក្នុង​ព្រៃ ដើម្បី​ធ្វើដំណើរ​មាន​ភាពងាយស្រួល និង​រយៈ​ខ្លី​។ បង្កើត​ព្រឹ​ត្ត​ការណ៍​សាសនា​ប្រចាំឆ្នាំ ដូចជា ទិវា​ពិសាខបូជា​ជាដើម និង​ជំរុញ​ទេសចរ​សាសនា​មកកាន់​តំបន់​សក្ការៈ​នៅលើ​ភ្នំ​គូលែន​។​

​ក៏មាន​គម្រោង​បង្កើត Siem Reap Pass t’mugsm ក្រោម​យុទ្ធនាការ «SRP Beyond temple» ដែល​ត​ភ្ជាប់​ការ​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់ៗ​ជា​កញ្ចប់​៖ ប្រាសាទ​អង្គរ និង​ប្រាសាទ​ក្រៅ​តំបន់​អង្គរ ប្រាសាទ​អង្គរ និង​បឹង​ទន្លេសាប ប្រាសាទ​អង្គរ និង​ភ្នំ​គូលែន ប្រាសាទ​អង្គរ និង​ទីតាំង​ទេសចរណ៍​ក្នុង​ក្រុង និង​ប្រាសាទ​អង្គរ និង​តំបន់​គោលដៅ​ទេសចរណ៍​នៅ​ខេត្ត​ជុំវិញ​។​

៣. ទីក្រុង​សៀមរាប​៖ រៀបចំ​បង្កើត​វី​ថី​ម្ហូបអាហារ ដើម្បី​ជំរុញ​បង្កើន​ចំនួន​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ពិនិត្យ​លទ្ធភាព​រៀបចំ​នៅ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ក្បែរ​រង្វង់​មូល​ខ្យុ​ង​យូរ ឬ​កន្លែង​ណាមួយ​សមស្រប ដែល​រដ្ឋបាល​ខេត្តសៀមរាប​អាច​ផ្តល់​បាន ដើម្បី​ធ្វើជា​តំបន់ Smart Grand Siem Reap នាពេល​អនាគត ក្នុង​គោលបំណង​បង្វែរ​ការអភិវឌ្ឍ​ធំៗ​ទៅកាន់​ទីក្រុង​ថ្មី​នេះ ហើយ​រក្សា​អត្តសញ្ញាណ​ទីក្រុង​ចាស់​មិនឱ្យ​បាត់​ទិដ្ឋភាព​ជា «​ទីក្រុង​បេតិកភណ្ឌ​»​។ កែលម្អ​ផ្លូវ​មាត់​ស្ទឹង​សៀមរាប ឱ្យ​ក្លាយជា​ស្ទឹង​ទេសចរណ៍​ប្រណីត (​ចាប់ពី​ព្រះរាជដំណាក់​រហូតដល់​បឹង​ទន្លេសាប​)​។ ពង្រឹង​ផ្លូវ​ថ្មើរជើង​ឱ្យបាន​ច្រើនជាង​មុន ជាពិសេស​ផ្លូវ​ថ្មើរជើង​នាពេល​រាត្រី​។ រៀបចំ​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​ចិញ្ចើមថ្នល់​។ បន្ត​កែលម្អ​ការគ្រប់គ្រង​សំណល់​រឹង និង​រាវ​។​

៤. តំបន់​ប្រាសាទ​អង្គរ​៖ សិក្សា និង​ដាក់ឱ្យ​ដំណើរការ​គម្រោង​ទស្សនា​ប្រាសាទ​អង្គរ​ពេល​រាត្រី​។ ការ​បញ្ចាំង​ភ្លើង និង​ការ​ទស្សនា​ក្រៅ​ប្រាសាទ​ដើម្បី នាពេល​រាត្រី តែ​ត្រូ​វ​ការពារ​សុវត្ថិភាព​ប្រាសាទ និង​វត្ថុ​បុរាណ​។ រៀបចំ​ខ្សែ​ទស្សនកិច្ច​ពិសេស Angkor Night សម្រាប់​ទស្សនា​ប្រាសាទ​មួយចំនួន​នាពេល​រាត្រី​។ ជំរុញ​ការរៀបចំ​ទេសចរ​ជិះ​កង់ ដោយសារ​ទេសចរណ៍​ប្រភេទ​នេះ​កំពុង​កើនឡើង​យ៉ាងខ្លាំង និង​នាំមក​នូវ​តម្លៃបន្ថែម​ច្រើន​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ដើម្បី​ត្រៀមខ្លួន​ទទួល​វត្តមាន​ភ្ញៀវទេសចរ ដែល​នឹងមាន​ការកើនឡើង​នាពេលខាងមុខ​នោះ រាជរដ្ឋាភិបាល​ត្រូវបង្កើត​ក្រុង​សៀមរាប​ថ្មី​មួយ ដែលមាន​ការអនុញ្ញាត​ឱ្យមាន​ការកសាង​អគារ​ទំនើបៗ និង​ត្រូវមាន​អាកាសយានដ្ឋាន​អន្តរជាតិ​ធំថ្មី​នៅ​ទីនោះ​ផងដែរ ខណៈ​ក្រុង​សៀមរាប​បច្ចុប្បន្ន មិន​អនុញ្ញាតឱ្យ​កសាង​អគារ​មាន​កម្ពស់​ខ្ពស់ៗ អាកាសយានដ្ឋាន​ក៏​មិនអាច​ពង្រីក​បន្ថែម​។ ក្រុង​សៀមរាប​ថ្មី​នេះ ត្រូវបាន​បង្ហើប​ថា​មាន​ទីតាំង​ស្ថិតនៅ​ទិសខាងកើត​ក្រុង​សៀម​រា​បច្ចុប្បន្ន មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​៕ ដោយ​៖​កូ​ឡាប​