សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានណែនាំឲ្យមន្ទីររៀបចំដែនដី ពង្រឹងប្រសិទ្ធភាព គុណភាព សេវាសុយោដី និងសំណង់ជូនប្រជាពលរដ្ឋ បញ្ចប់ការងារនីតិវិធីក្នុងការចុះបញ្ជីដីធ្លី ជាពិសេសជំរុញការដោះស្រាយវិវាទដីធ្លី។
ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋបាលខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានថ្លែងបានជំរុញ ឲ្យមន្ដ្រីជំនាញក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ឲ្យខិតខំអនុវត្តធ្វើការសម្របសម្រួលបម្រើប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លី ការដោះស្រាយទំនាស់ដីធ្លី ដែលនៅសេសសល់ ដោយបង្ហាញភាពមិនលំអៀង មានតម្លាភាព រួមទាំងមានការទទួលខុសត្រូវខ្ពស់ក្នុងការផ្សព្វផ្សាយ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយផងដែរ។
លោកអភិបាលរងខេត្ត បានស្នើឲ្យអនុវត្ត និងពង្រឹងប្រសិទ្ធភាព គុណភាព សេវាសុយោដី និងសំណង់ជូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តតាមអភិក្រមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព។ ផ្សព្វផ្សាយឯកសារគតិយុត្តពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋ សហការជាមួយមន្ទីរពាក់ព័ន្ធ និងក្រសួងរៀបចំកសាងប្លង់គោលប្រើប្រាស់ដី ពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ លោកក៏បានជំរុញបន្ថែមទៀត ដើម្បីបញ្ចប់ការងារនីតិវិធីក្នុងការចុះបញ្ជីដីធ្លី ការធ្វើបច្ចុប្បន្នភាព ការតាំងទីលំនៅរបស់គ្រួសារ អ្នកទទួលដីក្នុងទីតាំងដីសម្បទាដីសង្គមកិច្ច ជូនអតីតយុទ្ធជននិងគ្រួសារ ការចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីវត្តតាមក្រុង-ស្រុក ក្នុងខេត្ត៕ ដោយ៖បញ្ញាស័ក្តិ