Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំរាម​កក​ក្នុង​ពោះ​ប្រឡាយ​កំរាស់​ជាង​៣​ម៉ែត្រ ក្រោយ​ការរុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​

​ភ្នំពេញ​៖ ពិតជា​មិន​គួរ​អោយ​ជឿ ប៉ុន្តែ​អ្វីៗ​វា​បាន​កើតឡើង​រួចទៅហើយ នោះ​គឺ​សំរាម​បាន​កក​ក្នុង​ពោះ​ប្រឡាយ​កំរាស់​ជាង​៣​ម៉ែត្រ ក្រោយ​ពី​ការរុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត​នៅ ប្រឡាយ​ស្ទឹងមានជ័យ​ជាង​១០០​គ្រួសារ​រួច​មក​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា​ សំរាម​ជាច្រើន​នៅ​កក​ក្នុង​ពោះ​ប្រឡាយ កម្រាស់​ពី ២,៥​ម៉ែត្រ ទៅ ៣,៥​ម៉ែត្រ ដែល​បង្ក​អោយ​មាន​ការ​កកស្ទះ​ចរន្ត​ទៅ​ហូរ​និង​ជាដើម​ចម​បង្កអោយមាន​ការលិចលង់​កន្លងមក​នោះ​។ មន្ត្រី​ដ​ដែរ​បាន​អោយដឹងទៀតថា ប្រជាពលរដ្ឋ​ចំនួន ១៦៦​គ្រួសារ បាន​ស្ម័គ្រចិត្ត​រុះរើ​លំនៅដ្ឋាន​លើ​ពោះ​ប្រឡាយ​ស្ទឹងមានជ័យ​ដើម្បី​អោយ​អាជ្ញាធរ​សាងសង់​ប្រឡាយ​បេតុង​ថ្មី ភ្ជាប់​ពី​ទ្វារ​ទឹក​ដើម​ស្លែង​ផ្លូវ​លេខ ៣៧១ មក​ប្រឡាយ​នៅ​ស្ពាន​ស្ទឹងមានជ័យ ហើយ​ខណៈ​រុះរើ​ផ្ទះសំបែង​រួច​ដាក់​គ្រឿងចក្រ​ចូល​ស្តារ ទើប​បាន​ដឹងថា សំរាម​បាន​កក​ក្នុង​ពោះ​ប្រឡាយ​កំរាស់​ពី​២.៥​ម៉ែត្រ ទៅ ៣.៥​ម៉ែត្រ ។​

​គួរបញ្ជាក់​ថា ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅពេល​ដែល​ការស្ថាបនា​ប្រឡាយ​និង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ត​បណ្តាញ​ទឹកស្អាត ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួម​នឹង​ការដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ដើម្បី​អោយ​តំបន់​នេះ​ក្លាយជា​ទីក្រុង​ស្ទឹងមានជ័យ ។​

​ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​

​ប្រឡាយ​ស្ទឹងមានជ័យ​នឹង​ត្រូវ​សាងសង់​ឡើង ដោយ​បុក​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវ​ធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។ ប្រឡាយ​ស្ទឹងមានជ័យ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹងទំពុន​ ​ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​ ចិញ្វើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕ ដោយ​៖​កូឡាប​

×