Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចរចា​ប្រាក់​ឈ្នួល​៖ និយោជិត​ស្នើ ១៩៥​ដុល្លារ និយោជក​សុំ​១៨៦​ដុល្លារ ឯ​រាជរដ្ឋាភិបាល​ស្នើសុំ​១៨៧​ដុល្លារ​

​ភ្នំពេញ​៖ ការចរចា​បន្ត​សម្រាប់​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ក​ម្មក​រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង​កម្ពុជា​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ភាគី​សហជីព​ដែល​តំណាងឱ្យ​កម្មករ បានស្នើ​សុំ​តួលេខ​១៩៥​ដុល្លារ​ក្នុង​១​ខែ ខណៈដែល​និយោជក​សុំ​ត្រឹម​១៨៦​ដុល្លារ ហើយ​រាជរដ្ឋាភិបាល​ស្នើ​១៨៧​ដុល្លារ​។​

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ប្រធាន​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា លើក​ទី​៥ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ថ្លែងថា ភាគី​នីមួយៗ​នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បានប្រកាស​នូវ​គោលជំហរ​ចុងក្រោយ​រៀងខ្លួន ដែល​ក្នុងនោះ​ភាគី​តំណាង​និយោជក​បានស្នើ​សុំ​តួលេខ ១៨៦​ដុល្លារ​អាមេរិក រីឯ​ភាគី​តំណាង​កម្មករនិយោជិត បានស្នើ​សុំ​តួលេខ ១៩៥​ដុល្លារ​អាមេរិក​និង ភាគី​រាជរដ្ឋាភិបាល​បានដាក់​តួលេខ ១៨៧​ដុល្លារ​អាមេរិក ជា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ ២០២០​។

​យ៉ាងណាក៏ដោយ​តួលេខ​នេះ កាន់តែ​ខិតជិត​ចូលគ្នា ខ្លាំង​ជាង​ការចរចា​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។

​បើតាម​របាយការណ៍រ​បស់​ក្រសួង​ការងារ ដែល​​សូម​គោរព​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ៖

​កម្មវត្ថុ​៖ របាយការណ៍ ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ពិភាក្សា​​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០​។

​របាយការណ៍​បាន​លើកឡើងថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​​ឈ្នួល​អប្បបរមា ដែលមាន​តំណាង​ភាគី​កម្មករនិយោជិត​ចំនួន ១៧​រូប តំណាង​ភាគី​និយោជក​ចំនួន ១៧​រូប​ និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន ១៧​រូប បាន​បន្ត​ប្រជុំពិភាក្សា​ដោយ​ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ​​ស្មារតី​មិត្តភាព សហប្រតិបត្តិការ តម្លាភាព និង​ឈ្នះ​-​ឈ្នះ ចំនួន ៥​ថ្ងៃ ស្មើនឹង ១៨​លើក បន្តទៀត ក្រោយពី​​បាន​បើក​កិច្ចប្រជុំ​លើក​ទី​១ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ និង​ទទួលបាន​វឌ្ឍនភាព​ដូចខាងក្រោម​ ៖

– កិច្ចប្រជុំ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩៖ បាន​បន្ត​ស្តាប់​វា​ស៊ុន​ជំនាញ​ចំនួន ២​រូប គឺ​បទ​បង្ហាញ​ស្តីពី​ “​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​” ដោយ លោក លឹម វិសាល ជំនួយការ​លោក​អគ្គ​​លេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​បទ​បង្ហាញ​ស្តីពី “​កត្តា​កំណត់ និង​ផលប៉ះពាល់​នៃ​​ប្រាក់​ឈ្នួល​អប្បបរមា ដោយ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ ​ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ឯករាជ្យ ដើម្បីឱ្យ​ភាគី​នីមួយៗ​យល់​កាន់តែច្បាស់​​ថែមទៀត​អំពី​លក្ខណវិនិច្ឆ័យ ទាំង​៧ និង​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​កិច្ចពិភាក្សា​។​

– កិច្ចប្រជុំ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩៖ បន្ត​កិច្ចប្រជុំ​ពិភាក្សា​លើ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា (​បង្ហាញ​ជំហរ​បឋម​ចំ​​ដោយ​ភាគី​កម្មករនិយោជិត​បានបង្ហាញ​ជំហរ​បឋម​ចំនួន ១៩៩​ដុល្លារ​អាមេរិក និង​ភាគី​និយោជក​
​បានបង្ហាញ​ជំហរ​បឋម​ចំនួន ១៨៤​ដុល្លារ​អាមេរិក​។​

​កិច្ចប្រជុំ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩៖ បន្ត​កិច្ចប្រជុំ​ពិភាក្សា​លើ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ​ដោយ​ភាគី​កម្មករនិយោជិត​បា​នប​ន្ថ​យ​ពី​តួលេខ ១៩៩​ដុល្លារ​អាមេរិក មក​ត្រឹម ១៩៧​ដុល្លារ​អាមេរិក​ ​និង​ភាគី​និយោជក​បាន​បង្កើន​ពី​តួលេខ ១៨៤​ដុល្លារ​អាមេរិក ទៅ ១៨៤,៥០​ដុល្លារ​អាមេរិក​។

– កិច្ចប្រជុំ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩៖ សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​នៃ​ភាគី​កម្មករ​​និយោជិត​, ផ្ទៃក្នុង​ភាគី​និយោជក​, និង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ភាគី​រាជរដ្ឋាភិបាល និង​ភាគី​តំណាង​​កម្មករនិយោជិត​, និង​រវាង​ភាគី​រាជរដ្ឋាភិបាល និង​ភាគី​និយោជក​, និង​ទទួលបាន​គោលជំហរ​​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២០ ដូចខាងក្រោម​៖

តំណាង​ភាគី​កម្មករនិយោជិត​បាន​ឯកភាព​យក​តួលេខ​ចំនួន ១៩៥​ដុល្លារ​អាមេរិក គឺជា​សំឡេង​ឯកច្ឆ័ន្ទ​ភាព​ផ្ទៃក្នុង​របស់​តំណាង​ភាគី​កម្មករនិយោជិត​។​

​តំណាង​ភាគី​និយោជក​បាន​ឯកភាព​យក​តួលេខ ១៨៦​ដុល្លារ​អាមេរិក គឺជា​សំឡេង​ឯកច្ឆន្ទ​​ភាព​ផ្ទៃក្នុង​របស់​តំណាង​ភាគី​និយោជក​។​

តំណាង​ភាគី​រាជរដ្ឋាភិបាល​ដោយ​ឈរលើ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​បានកំណត់​​តួលេខ​ចំនួន ១៨៧​ដុល្លារ​អាមេរិក​។​

​លោក​ហេង សួរ បាន​លើកឡើងថា ដោយ​តួលេខ​នៃ​ភាគី​នីមួយៗ​នៅមាន​គម្លាត​ឆ្ងាយ ទោះបីជា​បាន​ប្រជុំពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​​លក្ខណៈ​ទ្វេភាគី និង​លក្ខណៈ​ត្រីភាគី​ជាច្រើនលើក​ក៏ដោយ និង​យោងតាម​មាត្រា​១២ និង​១៣ នៃ​ច្បាប់​ស្តីពី​​ប្រាក់​ឈ្នួល​អប្បបរមា យើងខ្ញុំ​សូម​គោរព​ដាក់ជូន លោក​ប្រធាន នូវ​គោលជំហរ​ចុងក្រោយ​នៃ​តួលេខ​​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០២០ ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ពិនិត្យ​សម្រេច ឬ​បោះឆ្នោត​ទៅតាម​នីតិវិធី​​ដែល​បានកំណត់​ដូចខាងក្រោម​ ៖

តួលេខ ១៩៥​ដុល្លារ​អាមេរិក ជា​តួលេខ​ចុងក្រោយ​របស់​តំណាង​ភាគី​កម្មករនិយោជិត​។​

តួលេខ ១៨៦​ដុល្លារ​អាមេរិក ជា​តួលេខ​ចុងក្រោយ​របស់​តំណាង​ភាគី​និយោជក​​។

តួលេខ ១៨៧​ដុល្លារ​អាមេរិក ជា​តួលេខ​របស់​តំណាង​ភាគី​រាជរដ្ឋាភិបាល​។

​ទន្ទឹមនឹងនេះ ភាគី​តំណាង​កម្មករនិយោជិត និង​ភាគី​និយោជក​សូម​ដាក់ជូន​នូវ​សំណើ​ដោយឡែក​
​របស់ខ្លួន ដូចខាងក្រោម​៖

សំណើ​របស់​ភាគី​តំណាង​កម្មករនិយោជិត (​សហជីព​)គឺ​សូម​និយោជក​ផ្តល់​អាហារ​ថ្ងៃត្រង់​មួយពេល ឬ​ប្រាក់​ថ្លៃ​បាយ​អាហារ​ថ្ងៃត្រង់​ចំនួន ១​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ថ្ងៃ។ សូម​និយោជក​ផ្តល់​មធ្យោបាយ​ដឹក​កម្មករនិយោជិត​ឱ្យ​កាន់​តែមាន​សុវត្ថិភាព ឬ​ផ្តល់​​ប្រាក់​ថ្លៃ​សោហ៊ុយ​ធ្វើដំណើរ​ចំនួន ១៥​ដុល្លារ​អាមេរិក​។

៣-​សូម​សម្រួលការ​ចុះបញ្ជី​កា​សហជីព​មូលដ្ឋាន​នៅ​ខេត្តកំពង់ស្ពឺ​។

សូម​រាជរដ្ឋាភិបាល​បន្ត​បញ្ចុះតម្លៃ​អគ្គិសនី និង​ទឹកស្អាត​នៅតាម​ផ្ទះជួល នឹង​ពង្រីក​បណ្តាញ​​អគ្គិសនី និង​ទឹកស្អាត​នៅតាម​តំបន់​ដែលមាន​កម្មករនិយោ​ជិត​ស្នាក់នៅ ជាពិសេស​នៅ​​ខេត្ត និង​តំបន់​ដែលមាន​កម្មករនិយោជិត​ស្នាក់នៅ​។

សូម​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ពង្រីក​វិសាលភាព​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​​ទៅ​វិស័យ​មួយចំនួន​ដូចជា សំណង់ ទេសចរណ៍ និង​សេវាកម្ម​។

ស្នើសុំ​កុំ​កំណត់​ចំនួន​ផលិត​ហួសកម្លាំង​កម្មករនិយោជិត ។

​ស្នើសុំ​ទទួលយក​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ឱ្យចូល​ធ្វើការ​វិញ​​។

ស្នើសុំ​រាជរដ្ឋាភិបាល​ត្រូវ​ធានា​កុំឱ្យ​ថ្លៃ​បន្ទប់​ជួល​ឡើងថ្លៃ​​។

សូម​បន្ត​សម្រួល​ការដក​ពាក្យបណ្តឹង​លើ​ថ្នាក់ដឹកនាំ​សហជីព​។

​រក្សា​ថ្ងៃ​ឈប់​បុណ្យ​មាន​ប្រាក់​ឈ្នួល​មួយចំនួន​ឡើងវិញ​​។

ស្នើសុំ​ក្រសួងសុខាភិបាល​ពង្រឹង​គុណភាព​សេវា​សុខាភិបាល​​។

ស្នើសុំ ប​.​ស​.​ស បង្កើន​ចំនួន​បុគ្គលិក ប​.​ស​.​ស នៅតាម​មូលដ្ឋាន​សុខាភិបាល​ដែលជា​​ដៃគូ ប​.​ស​.​ស​។

​ស្នើសុំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​អប់រំ ផ្សព្វផ្សាយ និង​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅតាម​កន្លែង​ការងារ​។​

សំណើ​របស់​ភាគី​តំណាង​និយោជក​ចំពោះ​រាជរដ្ឋាភិបាល​គឺ​សំណូមពរ​រាជរដ្ឋាភិបាល​បន្ត​បញ្ចុះតម្លៃ​អគ្គិសនី​បន្ថែមទៀត​លើ​អត្រា ដែល​បានសម្រេច​០,១៤៧​ដុល្លារ​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង សម្រាប់​ឆ្នាំ​២០១៨​នេះ​។ អត្រា​សម្រាប់​ឆ្នាំ​២០២០ តួរ​ត្រូវ​កំណត់​ត្រឹម ០,១២៧​ដុល្លារ​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​។

សមាគម​​សំណូមពរ​ផងដែរ​ឱ្យមាន​ប្រសិទ្ធភាព និង​សង្គតិភាព​ក្នុងការ​អនុវត្ត ក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ នៅ​កន្លែង​ខ្លះ​មាន​ការយកថ្លៃ​លើស​តម្លៃ ០,១៤៧​ដុល្លារ​អាមេរិក ដែល​រាជ​​រដ្ឋាភិបាល​បានសម្រេច​យល់ព្រម​ក្នុងពេល​ចរចា​ប្រាក់​ឈ្នួល​កាលពី​ឆ្នាំមុន​។​

សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល​បន្ទាប​ក​ម្រិ​ត​អត្រា​យក​ពន្ធលើប្រាក់ចំណេញ​ពី ២០% មក​​នៅត្រឹម ១៥% សម្រាប់​ឧស្សាហកម្ម​នាំចេញ ដើម្បី​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​អ្នក​​វិនិយោគ​បច្ចុប្បន្ន ក៏ដូចជា​អ្នកវិនិយោគ​ថ្មី ជាពិសេស​អ្នកវិនិយោគ​ដែលមាន​បំណង​​ផ្លាស់ប្តូរ​ទីតាំង​ផលិត​ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​មាន​សង្គ្រាម​​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​។​

ពន្លឺ​ន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​វិស័យ​ភស្តុភារ (Logistics) និង​ផ្តល់នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បន្ថែមទៀត​ពាក់ព័ន្ធ​ការនាំចេញ​-​នាំចូល ជាពិសេស​កម្រៃ​ដែល​​ទាក់ទង​នឹង​ការបញ្ចេញ​ទំនិញ​ពី​គយ​។​

សំណូមពរ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​អធិការកិច្ច​ការងារ​ដោយ​​ឈរលើ​គោលការណ៍​គ្រប់គ្រង​ហានិភ័យ ដោយ​ចុះ​ធ្វើ​តែម្តង​ក្នុង​មួយឆ្នាំ​ចំពោះ​រោងចក្រ ។

​សហគ្រាស​ណា​ដែលមាន​កម្រិត​អនុលោមភាព​ផ្នែក​ការងារ​ខ្ពស់ ដូច​បានបង្ហាញ​ក្នុង​​របាយការណ៍ ILO-BFC​។ លើសពីនេះ​ទៀត សមាគម​សំណូមពរ​ឱ្យ​ក្រសួង​អនុវត្ត​សេវា ។​

​សៀវភៅ​ការងារ​កម្មករនិយោជិត​ខ្មែរ និង​សេចក្តីប្រកាស​ជូនដំណឹង​បើក​សហគ្រាស តាម​ប្រព័ន្ធ​អន​ឡាញ​បន្ថែមទៀត​ដើម្បី​បង្កើនល្បឿន​នៃ​ការផ្តល់សេវា និង​ជួយ​កាត់បន្ថយការចំណាយ​ពេលវេលា និង​ថវិកា​មិនចាំបាច់​មួយចំនួន​ដោយ​វិស័យ​ឯកជន និង​កម្មករនិយោជិត​៕​ ដោយ​៖​កូ​ឡាប​

×