ខេត្តបាត់ដំបង ៖ គិតត្រឹមមកទល់រសៀលថ្ងៃទី១៩ កញ្ញា នេះ កងកម្លាំងសមត្ថកិច្ចបានរកឃើញជនរងគ្រោះម្នាក់ ដែលនៅរស់រានមានជីវិត ស្ថិតលើទឹកដីថៃចម្ងាយជិត១គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ និងម្នាក់ទៀតនៅបន្តបាត់ខ្លួន ក្នុងករណីទឹកជំនន់បាក់ដីភ្នំសង្កត់ ពេលមេឃភ្លៀង នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីយោធាប្រចាំការយោធភូមិភាគទី៥។
បើតាមមន្ត្រីយោធា ជនរងគ្រោះម្នាក់ដែលទើបរកឃើញនេះ នៅមានជីវិតនៅឡើយ ប៉ុន្តែបានរងរបួសមួយចំនួន។ យ៉ាងណាក៏ដោយ លោកក៏មិនទាន់បញ្ជាក់បានអំពីអត្តសញ្ញាណ នៃជនរងគ្រោះដែលរកឃើញនៅឡើយទេ ដោយរង់ចាំនាំទៅដល់បញ្ជាការដ្ឋានយោធភូមិភាគីទី៥ និងបញ្ជូនបន្តទៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងទឹកដីថៃ ប្រមាណ២គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ។ លោកថា ហេតុការណ៍នៅខាងទឹកដីថៃ នាំកម្លាំងរបស់យើងទទួលបានព័ត៌មានយឺត។ នៅពេលនេះសម្រាប់ជនរងគ្រោះដែលរកឃើញនេះ ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យហើយ ខណៈម្នាក់ទៀត កម្លាំងកំពុងរុករកទៀត។
ប្រភពបន្តថា ការតាមស្វែងរកឃើញជនរងគ្រោះខាងលើនេះ គឺមានការចូលរួមដោយកម្លាំងយោធាខ្មែរ និងយោធាថៃ រួមទាំងក្រុមគ្រួសាររបស់ជនរងគ្រោះ ដោយបានសហការគ្នាក្នុងការតាមស្វែងរករងគ្រោះ ។
សូមរំលឹកថា អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត បានអះអាងសមត្ថកិច្ចបានកំពុងបន្តប្រតិបត្តិការរុករកប្រជាពលរដ្ឋខ្មែរ២រូប ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យដីភ្នំបាក់សង្កត់នៅព្រំដែនកម្ពុជា-ថៃ ។
ប្រជាពលរដ្ឋ៧នាក់ ដែលបានចូលទៅដាក់អន្ទាក់ចាប់សត្វនោះរួមមាន៖ ១៖ ឈ្មោះ ដុំ សុភាព អាយុ ៦៤ឆ្នាំ ២៖ ឈ្មោះ ឆែម ប្រុស អាយុ២៥ឆ្នាំ ៣៖ ឈ្មោះ កៅ កាន់ អាយុ១៧ឆ្នាំ ៤៖ ឈ្មោះ កៅ នី អាយុ ២០ឆ្នាំ ៥៖ ឈ្មៅះ ទ្រីន កុសល អាយុ២៥ឆ្នាំ (របួស) ៦៖ ឈ្មោះ ផាន រី អាយុ២៧ឆ្នាំ (បាត់ខ្លួន) ៧៖ ឈ្មោះ ធាន កុយ អាយុ១៧ឆ្នាំ (បាត់ខ្លួន)។ ជនរងគ្រោះទាំង៧នាក់ រស់នៅភូមិអូរត្រែង ឃុំតាតោត ស្រុកសំឡូត ខេត្តបាត់ដំបង៕ដោយ៖បញ្ញាស័ក្តិ