ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម ៣ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ១៨៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កើនដល់ ១៩០ដុល្លារ។
ចំនួនប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅឆ្នាំក្រោយនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ លើកទី៦ ដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល ក្នុងនោះសន្លឹកឆ្នោតភាគច្រើនបានបោះឆ្នោតជ្រើសរើសយកតួលេខ ១៨៧ដុល្លារ ហើយបន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានផ្តល់បន្ថែម ៣ដុល្លារទៀតជូនកម្មករនិយោជិត ដែលធ្វើឱ្យប្រាក់ឈ្នួលពួកគេកើនឡើង ១៩០ដុល្លារ នៅឆ្នាំ២០២០ ខាងមុខនេះតែម្តង។
ប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ តំឡេីងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជេីង ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក។
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០នេះ មានការកើនឡើង ៨ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ដែលប្រាក់ឈ្នួលរបស់កម្មករមានត្រឹម ១៨២ដុល្លារប៉ុណ្ណោះ៕ដោយ៖កូឡាប