សកម្មជនសិទ្ធិមនុស្សប៉ាគីស្ថានម្នាក់ ដែលបាននិយាយរិះគន់ប្រឆាំងនឹងកងទ័ព បានរត់ចេញពីប្រទេសទៅកាន់សហរដ្ឋអាមេរិច ក្រោយពេលលាក់ខ្លួនអស់រយៈពេលជាច្រើនខែ។
សកម្មជនរូបនោះឈ្មោះ Gulalai Ismail ហើយបច្ចុប្បន្ន គាត់កំពុងស្ថិតនៅអាមេរិច បន្ទាប់ពីមានការតាមចាប់ និងដាក់បម្រាមធ្វើដំណើរដោយអាជ្ញាធរប៉ាគីស្ថាន។
អាជ្ញាធរប៉ាគីស្ថានបានចោទគាត់ថា បានធ្វើសកម្មភាពប្រឆាំងរដ្ឋ និងញុះញង់ឲ្យមានអំពើហឹង្សា។
សកម្មជនរូបនោះនិយាយថា គាត់ត្រូវបានគេបង្ខំឲ្យរត់ ខណៈគាត់មានការព្រួយបារម្ភពីអាយុជីវិត។
គាត់ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះថា “ប្រសិនជាខ្ញុំជាប់គុក ហើយត្រូវរងទារុណកម្មជាច្រើនឆ្នាំ សំឡេងរបស់ខ្ញុំលែងនឹងមានគេស្តាប់ឮហើយ។”
ចំណែកឪពុករបស់នាងឈ្មោះ Muhammad Ismail បានថ្លែងប្រាប់ BBC Urdu ថា កូនស្រីរបស់គាត់មានបណ្តឹងចំនួន ៦ប្រឆាំងគាត់នៅតុលាការប៉ាគីស្ថាន ដូច្នេះនាងបានសម្រេចចិត្តថា ជីវិតរបស់នាងកំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង។
លោកបញ្ជាក់ថា “Gulalai Ismail បានសម្រេចិត្តចេញពីប្រទេសនៅពេលនេះ ដោយសារតែនាងបានដឹងថា ជីវិតរបស់នាងកំពុងស្ថិតនៅក្រោមការគំរាមកំហែង ហើយនាងត្រូវតែចាកចេញ បើមិនដូច្នេះទេ នឹងមានអ្វីអាក្រក់កើតឡើងចំពោះនាង”។
សកម្មជនវ័យ ៣២ឆ្នាំខាងលើ បានធ្វើការស្នើសិទ្ធិនយោបាយជ្រកកោណ ហើយបច្ចុប្បន្ន នាងកំពុងរស់នៅជាមួយនឹងបងស្រីរបស់គាត់នៅទីក្រុងញូវញ៉ក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC