ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវយ៉ាងទទូចឱ្យក្រុមហ៊ុន និងម្ចាស់រថយន្តប្រកបអាជីវកម្ម ដឹកអ្នកដំណើរ រក្សាតម្លៃដឹកជញ្ជូនអ្នកដំណើរ ទៅមកភ្នំពេញតាមបណ្ដាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
បើយោងតាមសេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញ តាមបណ្តាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅថ្ងៃទី២៣ខែកញ្ញា ឆ្នា២០១៩នេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តប្រកបអាជីវកម្ម
ដឹកជញ្ជូនអ្នកដំណើរមួយចំនួន ដែលកន្លងមកបានរក្សាតម្លៃដឹកជញ្ជូនឱ្យនៅដដែល ដោយពុំដំឡើងថ្លៃក្នុង នៅប៉ុន្តែក្នុង
ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ តាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែក៏នៅមានម្ចាស់ក្រុមហ៊ុន
និងម្ចាស់រថយន្តមួយចំនួនទៀត ពុំទាន់បានអនុវត្តន៍តាមការអំពាវនាវនៅឡើយ។
ដើម្បីជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងអនុវត្តន៍
តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលធ្វើដំណើរ
ទៅស្រុកកំណើត ជារៀងរាល់ឆ្នាំ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ
យ៉ាងទទូចជាថ្មីម្តងទៀតដូចខាងក្រោម៖ ១- សូមម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមេត្តារក្សាតម្លៃដឹកជញ្ជូន ឱ្យនៅដដែលដោយកុំដំឡើងថ្លៃ។ ២- សូមម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តណែនាំដល់បុគ្គលិក និងអ្នកបើកបររបស់ខ្លួនកុំឱ្យផ្ទុកអ្នកដំណើរលើសចំណុះ និងបើកបរត្រូវគោរពច្បាប់។ ៣- សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីមេត្តាកុំជិះប្រជ្រៀតគ្នា ជិះលើសចំណុះ ឬជិះលើដំបូលរថយន្តឈ្នួល ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗ។
រដ្ឋបាលរាជធានីភ្នំពេញ់ សង្ឃឹមជឿជាក់ថា ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលប្រកបអាជីវកម្ម
ដឹកជញ្ជូនអ្នកដំណើរ ចូលរួមអនុវត្តន៍តាមខ្លឹមសារខាងលើ ប្រកបដោយស្មារតីយោគយល់អធ្យាស្រ័យ៕ ដោយ៖កូឡាប
